បើតាមលោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ ៧៦,០០០នាក់ ហើយអ្នកកំពុងមកទទួលសេវាព្យាបាលមានប្រមាណ ៦៨,០០០នាក់។ ប៉ុន្តែនៅខ្វះអ្នកផ្ទុកប្រមាណ ៨,០០០នាក់ ដែលមិនទាន់ចូលក្នុងប្រព័ន្ធ និងមកធ្វើតេស្ត។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកឯកជន។
ទន្ទឹមនឹងមានអ្នកផ្ទុកមេរោគអេដស៍មិនទាន់មកធ្វើតេស្តដូច្នេះ លោកអៀង មូលី បានស្នើទទូចដល់ក្រុមប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ត្រូវចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។ ការទទូចដូច្នេះរបស់លោក អៀង មូលី ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមប្រជាជនគន្លឹះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
បើតាមលោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កម្ពុជាមានចំណាត់ថ្នាក់លើគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦ភាគរយ។ ក្នុងនោះគោលដៅ ៩៥-៩៥-៩៥ កម្ពុជាបានជោគជ័យលើគោលដៅ៩៥ទី២ និងទី៣រួចហើយ (បាន៩៨ភាគរយ) នៅតែគោលដៅ៩៥ទី១ ដែលនៅខ្វះ គឺបានត្រឹមតែ ៨៩ភាគរយ។ ដូច្នេះ លោក អៀង មូលី បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ជុំវិញនឹងការយកចិត្តទុកដាក់នេះ បើតាមលោកអៀង មូលី បានសង្កត់ធ្ងន់ថា ការព្យាបាលជំងឺអេដស៍ ធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន ៥លានដុល្លារក្នុងមួយឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ។
«ការចុះទៅជួបប្រជាជនគន្លឹះមិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុងការធ្វើការងារអេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើងត្រូវរៀនសូត្រពីសកម្មជន និងប្រជាជនគន្លឹះដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និងមានវិធីសាស្រ្តក្នុងទំនាក់ទំនង»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជុំវិញនឹងបញ្ហានេះ លោក អៀង មូលី បានកត់សម្គាល់ឃើញថា ការងារប្រយុទ្ធនឹងជំងឺអេដស៍នៅមានកង្វះខាតដែលត្រូវធ្វើការកែលម្អ ដោយលោកបានលើកឡើងថា នៅពេលប្រជុំក្រុមប្រឹក្សាបច្ចេកទេស ត្រូវឱ្យមានវេទិកាមួយសម្រាប់ប្រជាជនគន្លឹះលើកឡើងពីបញ្ហា ដើម្បីចូលរួមជួយដោះស្រាយ។ ប៉ុន្តែ បើដោះមិនបានត្រូវលើកសំណើមកថ្នាក់លើ។ បន្ថែមពីនេះ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជនគន្លឹះត្រូវត្រៀមខ្លួនចូលរួមប្រជុំអន្តរក្រសួង ដោយបង្ហាញថា សេវាសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តាប់ ព្រមទាំងជួយរកមធ្យោបាយហិរញ្ញវត្ថុគាំទ្រ៕