អ្នកផ្ទុកមេរោគអេដស៍ប្រមាណ៨,០០០នាក់នៅកម្ពុជាមិនទាន់ចូលក្នុងប្រព័ន្ធនិងមកធ្វើតេស្ត

បើតាមលោក អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដស៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ ៧៦,០០០នាក់ ហើយអ្នក​កំពុង​មក​ទទួល​សេវា​ព្យាបាលមានប្រមាណ ៦៨,០០០នាក់។ ប៉ុន្តែនៅខ្វះអ្នកផ្ទុកប្រមាណ ៨,០០០នាក់ ដែល​មិន​ទា​ន់​ចូលក្នុងប្រព័ន្ធ និងមកធ្វើតេស្ត។ ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬសំងំ​ព្យា​បា​ល​​នៅ​មន្ទី​​រ​ពេទ្យ ឬគ្លីនិកឯកជន។

ទន្ទឹមនឹងមានអ្នកផ្ទុកមេរោគអេដស៍មិនទាន់មកធ្វើតេស្តដូច្នេះ លោកអៀង មូលី បានស្នើទទូច​ដល់​ក្រុម​ប្រ​ជា​ជន​​​គន្លឹះ និងអង្គការសង្គមស៊ីវិល ត្រូវចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងពី​ស្ថាន​ភាព​របស់​ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។ ការទទូចដូច្នេះរបស់លោក អៀង មូលី ធ្វើឡើងក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើបទអន្តរាគមន៍ នៃការរឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាមួយក្រុមប្រជាជនគន្លឹះ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤។

បើតាមលោកប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ កម្ពុជាមានចំណាត់​ថ្នាក់​លើគេនៅតំបន់អាស៊ីប៉ា​ស៊ី​ហ្វិក ជាប្រទេសដែលកំពុងបំបាត់អេដស៍បានលើសពី៨៦ភាគរយ។ ក្នុង​នោះ​គោលដៅ ៩៥-៩៥-៩៥ កម្ពុជាបានជោគជ័យលើគោលដៅ៩៥ទី២ និងទី៣រួចហើយ (បាន​៩៨​ភាគរយ​) នៅតែគោល​ដៅ​៩៥ទី១ ដែលនៅខ្វះ គឺបានត្រឹមតែ ៨៩ភាគរយ។ ដូច្នេះ លោក អៀង មូលី បានបញ្ជាក់ថា ការ​រៀប​ចំកិច្ច​ប្រជុំនេះ ដើម្បី​ពិភាក្សារកវិធីសាស្រ្តក្នុងការជំរុញឱ្យប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ចង​ក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ ដោយ​ដាក់​ចេញ​នូវគោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និងចីរភាពកម្មវីធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងទៅនេះ។ ជុំវិញនឹងការយកចិត្តទុកដាក់នេះ បើតាម​លោកអៀង មូលី បានសង្កត់ធ្ងន់ថា ការព្យាបាលជំងឺអេដស៍ ធ្វើឡើងដោយមិនគិតប្រាក់ និង​ចូល​រួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន ៥លាន​ដុល្លារក្នុង​មួយ​ឆ្នាំ ហើ​យអ្នកផ្ទុក​មេ​រោគ​អេដស៍ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ។

«ការចុះទៅជួបប្រជាជនគន្លឹះមិនងាយស្រួលទេ គឺមានការលំបាកណាស់។ រឿងពិបាកក្នុង​ការ​​ធ្វើ​ការងារ​អេដស៍ គឺដោយសារការអៀនខ្មាស់នៅមាន ហើយការរើសអើងក៏នៅមាន។ ជាបទពិសោធន៍ យើង​ត្រូវ​រៀន​សូត្រពីសកម្មជន និងប្រជាជនគន្លឹះដែលនៅផ្ទាល់ជាមួយអ្នកផ្ទុក ដែលដឹងសុខទុក្ខ ការលំបាក និង​មាន​វិធីសាស្រ្តក្នុងទំនាក់ទំនង»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។

ជុំវិញនឹងបញ្ហានេះ លោក អៀង មូលី បានកត់សម្គាល់ឃើញថា ការងារ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍​នៅ​មាន​កង្វះ​ខាត​ដែលត្រូវធ្វើការកែលម្អ ដោយលោកបានលើកឡើងថា នៅពេលប្រជុំក្រុមប្រឹក្សាបច្ចេកទេស ត្រូវ​ឱ្យមានវេទិកាមួយសម្រាប់ប្រជាជនគន្លឹះលើកឡើងពីបញ្ហា ដើម្បីចូលរួមជួយដោះស្រាយ។ ប៉ុន្តែ បើ​ដោះ​មិន​បានត្រូវលើកសំណើមកថ្នាក់លើ។ បន្ថែមពីនេះ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជន​គន្លឹះ​ត្រូវ​ត្រៀ​មខ្លួនចូលរួមប្រជុំអន្តរក្រសួង ដោយបង្ហាញថា សេវាសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បី​ជូន​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តាប់ ព្រមទាំងជួយរកមធ្យោបាយហិរញ្ញវត្ថុគាំទ្រ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *