គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស២ថ្ងៃបង្កឱ្យមនុស្សស្លាប់និងរបួស៥៣នាក់

យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត និង៣៤នាក់ផ្សេងទៀតបានរង​របួស​ធ្ងន់​​ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជាដែលបានកើតឡើង ២៣លើក នារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហាបានកើតឡើងចំនួន ១២លើក (យប់៨លើក) បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាលសរុប ៩នាក់ (ស្រី ៣នាក់)។ ក្នុងចំណោមអ្នករបួសទាំង៩នាក់នោះ មានអ្នករងរបួសធ្ងន់៨នាក់(ស្រី ២នាក់) និង​របួស​ស្រាលម្នាក់ (ស្រី)។ ដោយឡែក អ្នកស្លាប់និងអ្នករងរបួសសរុបទាំង ១៨នាក់នោះ មាន​មិន​ពាក់​មួក​សុវត្ថិភាព ៩នាក់ ក្នុងនោះយប់មាន៧នាក់។

ចំណែក មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៤នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ម្នាក់, របួស​ធ្ងន់ ៣នាក់, របួសស្រាលម្នាក់), ស្រវឹង ១លើក (ស្លាប់ម្នាក់) និងភ្លើងសញ្ញា ១លើក (ស្លាប់ម្នាក់)។

រីឯគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៨​សីហា​ បានកើតឡើង​ចំនួន​ ១១​លើក(​យប់​៤​លើក​)​ ​ បណ្តា​​​ល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់(​ស្រី​ ៥​នាក់​)​ និង​របួសធ្ងន់​ស្រាល​ ២៥​នាក់(​ស្រី​ ៥​នាក់​)។ ក្នុង​ចំ​ណោ​ម​អ្នករងរបួសធ្ងន់ស្រាលទាំង ២៥នាក់ មានអ្នករង​របួសធ្ងន់​ ១៤​នាក់​ (​ស្រី​ ៣​នាក់​)​ និងរង​របួសស្រាល​ ១១​នាក់​ (​ស្រី​២​នាក់​)​។ ចំណែក អ្នកស្លាប់ និងរបួសទាំង ៣៥នាក់នេះ មានមិន​ពាក់មួក​សុវត្ថិភាព​ ៩​នាក់​ ក្នុងនោះយប់​មាន ៤​នាក់​។

​ចំពោះមូលហេតុ​ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​រួម​មាន៖​ ល្មើស​ល្បឿន​ ៦​លើក​ (​ស្លាប់​ ២​នាក់​,​ របួសធ្ងន់​ ៩​នាក់​,​ របួសស្រាល​ ៩​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ១​លើក​ (​ស្លាប់​ម្នាក់​,​ របួសធ្ងន់​ម្នាក់​,​ របួសស្រាល​ម្នាក់​),​ ប្រជែង​ ២​លើក​ (​របួសធ្ងន់​ ២​នាក់​,​ របួសស្រាល​ម្នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​ (​របួសធ្ងន់​ ២​នាក់​,​ របួសស្រាល​ម្នាក់)​ និង​ស្រវឹង​ ១​លើក​ (​ស្លាប់​ម្នាក់,​ របួសធ្ងន់​ម្នាក់)​ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *