យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត និង៣៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជាដែលបានកើតឡើង ២៣លើក នារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហាបានកើតឡើងចំនួន ១២លើក (យប់៨លើក) បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាលសរុប ៩នាក់ (ស្រី ៣នាក់)។ ក្នុងចំណោមអ្នករបួសទាំង៩នាក់នោះ មានអ្នករងរបួសធ្ងន់៨នាក់(ស្រី ២នាក់) និងរបួសស្រាលម្នាក់ (ស្រី)។ ដោយឡែក អ្នកស្លាប់និងអ្នករងរបួសសរុបទាំង ១៨នាក់នោះ មានមិនពាក់មួកសុវត្ថិភាព ៩នាក់ ក្នុងនោះយប់មាន៧នាក់។
ចំណែក មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៤នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ម្នាក់, របួសធ្ងន់ ៣នាក់, របួសស្រាលម្នាក់), ស្រវឹង ១លើក (ស្លាប់ម្នាក់) និងភ្លើងសញ្ញា ១លើក (ស្លាប់ម្នាក់)។
រីឯគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨សីហា បានកើតឡើងចំនួន ១១លើក(យប់៤លើក) បណ្តាលឱ្យមនុស្សស្លាប់១០នាក់(ស្រី ៥នាក់) និងរបួសធ្ងន់ស្រាល ២៥នាក់(ស្រី ៥នាក់)។ ក្នុងចំណោមអ្នករងរបួសធ្ងន់ស្រាលទាំង ២៥នាក់ មានអ្នករងរបួសធ្ងន់ ១៤នាក់ (ស្រី ៣នាក់) និងរងរបួសស្រាល ១១នាក់ (ស្រី២នាក់)។ ចំណែក អ្នកស្លាប់ និងរបួសទាំង ៣៥នាក់នេះ មានមិនពាក់មួកសុវត្ថិភាព ៩នាក់ ក្នុងនោះយប់មាន ៤នាក់។
ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៩នាក់, របួសស្រាល ៩នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់, របួសស្រាលម្នាក់), ប្រជែង ២លើក (របួសធ្ងន់ ២នាក់, របួសស្រាលម្នាក់), បត់គ្រោះថ្នាក់ ២លើក (របួសធ្ងន់ ២នាក់, របួសស្រាលម្នាក់) និងស្រវឹង ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់) ៕