(ខេត្តកណ្តាល) លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីអធិការដ្ឋាននគរបាលចំនួនពីស្រុកនៃខេត្តកណ្តាលគឺ ស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ពិធីនេះប្រារព្ធធ្វើឡើង នៅសាលាស្រុកខ្សាច់កណ្ដាល។
នាឱកាសនេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាលជ័យលាភីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែង, បន្តសកម្មភាពបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អសន្តិសុខ សុវត្ថិភាពការផ្តល់សេវាសាធារណៈជូនប្រជាបលរដ្ឋឲ្យបានឆាប់រហ័ស ដោយឥតលក្ខខណ្ឌ។
លោកឧត្ដមសេនីយ៍ទោស្នងការនគបាលខេត្តកណ្តាល រូបនេះ បានថ្លែងបន្តទៀតថាកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានអំពើលួច ឆក់ប្លន់ គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀន គ្មានក្មេងទំនើង សំដៅយ៉ាងណាធ្វើឲ្យភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពជួនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងរៀបចំកម្លាំងប្រចាំការនៅតាមអង្គភាព២៤ម៉ោងលើ២៤ម៉ោង សម្រាប់ចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងធ្វើការចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងមូលដ្ឋាន។
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីអធិការដ្ឋាននគរបាល ទាំងពីស្រុកខាងលើនេះសរុប១១១នាក់ រួមមាន៖ តែងតាំងមុខតំណែង នាយប៉ុស្តិ៍ រដ្ឋបាល ចំនួន១០នាក់, នាយរងប៉ុស្តិ៍ ចំនួន១៧នាក់, នាយផ្នែក ចំនួន០៨នាក់ និងនាយរងផ្នែក ចំនួន១៣នាក់។ និងបំពាក់ឋានន្ដរសក្ដិ ថ្នាក់អនុសេនីយ៍ឯក អនុសេនីយ៍ទោ អនុសេនីយ៍ត្រី នឹងព្រិន្ទបាលឯកផងដែរ ៕