អាជ្ញាធររាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ រួមគ្នាបន្តពង្រឹងយន្តការរាយការណ៍ និងឆ្លើយតប ករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ !

ភ្នំពេញ ៖បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាបានធ្វើអោយអ្នកប្រើប្រាស់ អ៊ីនធឺណិតកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយ ជាកុមារដែលបានប្រើប្រាស់អ៊ីនធឺណិតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ ដោយកុមារខ្លះអាចក្លាយទៅជាជនល្មើសឬអ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។

នេះបើតាមការលើកឡើងរបស់ លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងបទបង្ហាញមួយស្តីពីការពង្រឹងយន្តការរាយការណ៍និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។
មន្រ្តីខាងលើបានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ អ្នកប្រើប្រាស់អ៊ីនធឺណិត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់គឺជាកុមារ។ ប្រព័ន្ធអ៊ីនធឺណិត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យនិងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ឬ មិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ គ្មានឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែរក្សានៅតាមមើលឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារហ៊ានប្រព្រឹត្តដោយប្រថុយប្រថាន តាមអនឡាញ។ ឧទាហរណ៍ កុមារហ៊ានផ្ញើរសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យ មិត្តភក្តិ ឬ នរណាម្នាក់។ ពេលខ្លះរូបភាព ឬវីដេអូទាំងនោះ ត្រូវបានគេចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬ បកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ពេលខ្លះកុមារអាចក្លាយទៅជាជនល្មើសឬ អ្នកប្រព្រឹត្តបទល្មើស ដែលអាចប្រឈមមុខចំពោះមុខច្បាប់ទៀតផង។
លោកជំទាវ កែវ សុខពិសី បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារយ៉ាងល្អ។ លោកជំទាវគាំទ្រចំពោះផែនការសកម្មភាពការងារទិសសម្រាប់ការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការនេះដោយបានបញ្ជាក់ថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញ បានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយ ធ្វើយ៉ាងណាអោយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យវាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ។ត្រូវបណ្តុះបណ្តាលស្ត្រីដែលក្រីក្រនិងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបានកាត់បន្ថយនូវភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

 

Leave a Reply

Your email address will not be published. Required fields are marked *