ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងប្រមាណ២០ទីតាំង ដោយកើតមាននៅរាជធានី-ខេត្ត ចំនួន១២ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុខៈ ការបង្រ្កាបល្បែងស៊ីសងទាំង១២រាជធានី-ខេត្តនោះ រួមមាន ខេត្តកំពង់ធំ ឧត្តរមានជ័យ កំពត កណ្តាល ត្បូងឃ្មុំ បាត់តំបង ក្រចេះ សៀមរាប ពោធិ៍សាត់ និងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមួយចំនួនទៅកាន់តុលាការ និងមួយចំនួនទៀត ទទួលការអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
លោកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងតាមនីតិវិធី និងច្បាប់កំណត់ដោយស្មារតីទទួលខុសត្រូវ បានធ្វើឱ្យការប្រព្រឹត្តិរបស់ប្រជាពលរដ្ឋមានការថយចុះគួរឱ្យកត់សម្គាល់។
មុខសញ្ញាល្បែងស៊ីសង ជាការងារអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕