ផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ចំនួន១០៦០កេសស្មើនឹង១១,៥៩៨ គីឡូក្រាម ដែលខូចគុណភាព និងគ្មានសុវត្ថិភាព ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដុតកម្ទេចចោល កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមអគ្គនាយកដ្ឋាន ក.ប.ប. ផលិតផលម្ហូបអាហារខាងលើ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប.បានត្រួតពិនិត្យជាក់ស្តែងឃើញថា ខូចគុណភាព គ្មានសុវត្ថិភាព នឹងមិនអាចប្រើប្រាស់ជាម្ហូបអាហារសម្រាប់មនុស្សបរិភោគទៀតទេ។ ដូច្នេះ ក៏បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងសហគ្រាស សម្រេចបំផ្លាញចោលតាមនីតិវិធីតែម្តង។
ផលិតផល ប៊ឺ(Butter)និងឈីស (Cheese) ប្រមាណជាង ១១គីឡូក្រាម បានខូចគុណភាព ក្នុងអំឡុងពេលដឹកជញ្ជូនតាមកប៉ាល់នៅលើសមុទ្រ។ ចំពោះមូលហេតុអាចបណ្តាលមកពីដាច់ចរន្តអគ្គីសនី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អគ្គនាយកដ្ឋាន ក.ប.ប. ៕