កម្ពុជាកំពុងចរចាចុះ MoU ជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល  បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន​ហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់ លើការ រៀបចំចុះអនុស្សារណៈយោគយល់ (MoU) មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។

ក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រៅពីអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយសាជីវកម្ម COFCO នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការនាំចេញអង្ករចំនួន ៥០០,០០០តោន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួន ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាផងដែរ។

ចំពោះអនុស្សារណៈនៃការយោគយល់គ្នានេះរួមមាន៖ ១. កម្ពុជា និងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA), ២. កម្ពុជា និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន (Philippines International Trading Corporation – PITC), ៣. កម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការនាំចេញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ក្នុងបរិមាណ២៥ម៉ឺនតោនក្នុងរយៈពេល៤ឆ្នាំតាមការព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅ និង៤. កម្ពុជា និង Guangdong- Hong Kong – Macao Great Bay Area (GBA) ។

ជាមួយគ្នានេះ លោកស្រី ចម និម្មល  បានលើកឡើងថា ការរៀបចំ”វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នេះនឹងជួយជំរុញការផ្សព្វផ្សាយបន្ថែមដល់សាធារណជន និងធុរជនទាំងអស់ឱ្យបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ពីសក្ដានុពល និងកាលានុវត្តភាពជាពិសេសក្នុងវិស័យស្រូវអង្ករកម្ពុជា សំដៅទាក់ទាញវិនិយោគិន ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងជាពិសេសលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ និងម៉ាកច្បាស់លាស់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងន័យបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *