ក្រសួងសាធារណការនឹងអនុវត្តច្បាប់តឹងរ៉ឹងចំពោះជនប្រើយានជំនិះពាក់ផ្លាកលេខក្លែងក្លាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសដែលប្រើប្រាស់យានជំនិះដែលមានឯកសារឬវត្ថុក្លែង និងការប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ ក្នុងការថែរក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គម។

នាពេលកន្លងមក មានរថយន្តមួយចំនួនបានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ថ្មីៗនេះមានរថយន្តចំនួន៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបានបង្ហោះចែកចាយព័ត៌មាននៅលើបណ្តាញសង្គម រួមមានផ្លាកលេខ កម្ពុជា RS-1994 កម្ពុជា HEANGRAK និងកម្ពុជា 1.KU.SON។

«ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិទាំងមូល»។ ដើម្បីទប់ស្កាត់ករណីបែបនេះកើតមានជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរយានជិនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់លក្ខណៈសម្គាល់ ។ ជាពិសេស ច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗយកទៅបំពាក់លើយានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការក៏បាននិងកំពុងរៀបចំបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គមផងដែរ។ ក្រសួងសាធារណការ នឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា យោងតាមមាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៧៣ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការរៀបចំបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ បានកំណត់ថា «ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែង នៃក្រមព្រហ្មទណ្ឌ)។ ចំពោះអ្នកក្លែងបន្លំបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាក់លេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ»៕

Leave a Reply

Your email address will not be published. Required fields are marked *