សែនក្រអូប០១ជាពូជស្រូវកម្ពុជានាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក

ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ​និងបញ្ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា  ហៅកាត់ថា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងឆ្នាំ២០១៩។ ចំណែក នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួល​ពាន​រង្វាន់​មាស​ពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានលើកឡើងថា ក្រសួង​បាននិងកំពុង​ជំរុញ និង​លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែន​ក្រអូប​០១ ដោយ​សារ​វាជាពូជស្រូវស្រាល មិនប្រកាន់រដូវដែលអាចដាំដុះបាន២ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចទទួល​បាន​​នូវ​ទិន្នផលខ្ពស់។ ពាក់ព័ន្ធនឹងតម្លៃហាងឆេងស្រូវសែនក្រអូប០១នេះ អ្នកនាំពាក្យក្រសួងកសិកម្ម បាន​បគូស​បញ្ជាក់ថា ក្រសួងកសិកម្មបានសហការជាមួយរោងម៉ាស៊ុនកិនស្រូវ និងសហព័ន្ធស្រូវអង្ក​រក​ម្ពុជា ដោយទទួលទិញពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ជាងប្រភេទស្រូវផ្សេងៗ ដែលប្រទេសជិ​តខាង​ទទួល​ទិញដូចជា អ៊ីអ៊ា និងOM ជាដើម។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានប្តេជ្ញាចិត្តលើកកម្ពស់ពូជ​ស្រូវនេះ​នៅលើទីផ្សារជាតិ និង​អន្តរជាតិផងដែរ។

សូមជម្រាបថា ពូជស្រូវសែនក្រអូប០១ មានអាយុកាលចាប់ពីថ្ងៃសាបព្រោះដល់ថ្ងៃប្រមូលផលពី ១១០ទៅ១១៥ថ្ងៃ និងមានកម្ពស់ដើមពី ១០៧ទៅ១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់ផលពី ៥ទៅ​១០ដើម​ក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០ទៅ១៤០គ្រាប់ និងមានប្រវែង​គួរ​ពី​ ២០ទៅ៣០សង់ទីម៉ែត្រ ហើយជារួមអាចផ្ដល់ផលពី ៣,៩ទៅ៤,៩តោនក្នុងមួយហិកតា៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *