អាជ្ញាធរខេត្ដព្រះសីហនុទុកពេល១៥ថ្ងៃឱ្យពលរដ្ឋបញ្ឈប់ការទន្ទ្រានដីព្រៃនៅព្រែកទឹកសាបក្បាលឆាយ

រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកជាថ្មីឱ្យពលរដ្ឋទាំងអស់ដែលបានលួចចូលកាប់រាន​ទន្ទា្រន​ដី​ព្រៃ​ បោះបង្គោលរបង និងសាងសង់ខ្ទមដោយខុសច្បាប់នៅក្នុងដីព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុង​ភូមិសាស្រ្តសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ដោយរយៈពេល១៥​ថ្ងៃគិត​ចាប់ថ្ងៃជូនដំណឹងតទៅ។ ក្នុងករណីផុតរយៈពេលនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ​ដោយមិន​ទទួល​ខុសត្រូវរាល់ការខូចខាត់ទ្រព្យសម្បត្តិឡើយ។

ការក្រើនរំលឹកជាថ្មីម្តងទៀតនេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្តច្បាប់ និងជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ បន្ទាប់ពីមន្រ្តី​ឧទ្យា​នុរក្ស​នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះអប់រំណែនាំឱ្យស្ម័គ្រចិត្តរុះរើដោយខ្លួនឯងម្តងជាពីរដង​រួច​ទៅហើយកាលពីពេលកន្លងទៅ។

ជាក់ស្តែង កាលពីខែមេសានិងខែកក្កដា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បាន​ចុះអប់រំណែនាំឱ្យស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ ក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនស្តាប់តាម​ការ​ណែនាំ និងយល់ព្រមរុះរើដោយស័គ្រចិត្ត តែនៅមានក្រុមអនាធិបតេយ្យមួយចំនួនធំទៀតមិនព្រមរុះរើ ហើយថែមទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទម ព្រមទាំងបានបោះបង្គោលរបងហ៊ុមព័ទ្ធយកដីរដ្ឋ​ធ្វើជា​កម្មសិទ្ធិជាបន្តបន្ទាប់។

«យោងតាមព្រះរាជក្រមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសឱ្យប្រើក្រមបរិស្ថាន និងធនធានធម្ម​ជាតិ ក្នុងមាត្រា ៨៥១ ចំណុច (ច) ចែងថា «សកម្មភាពកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត និងឈូស​ឆាយ​ដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ គឺជាទង្វើខុសច្បាប់ដែលត្រូវមានទោសដាក់​ពន្ធនាគារពី៥​ឆ្នាំទៅ​១០ឆ្នាំ​»។ នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ដើម្បីធានាដល់ការអនុវត្តច្បាប់ និងជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះ​សីហ​នុ បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់​សកម្មភាពទាំងឡាយដូចបានបញ្ជាក់ខាងលើ ដោយត្រូវរុះរើសំណង់និងការ្យផ្សេងៗចេញពី​ទីតាំង​ដី​សាធារណៈរបស់រដ្ឋក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការ​ខូចខាត់ទ្រព្យសម្បត្តិ​របស់ប្រជា​ពលរដ្ឋ​ឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត​ដោយគ្មាន​ការ​លើក​លែងចំពោះក្រុមជនអនាធិបតេយ្យ និងមេខ្លោងទាំងឡាយដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ ដោយ​នាំ​យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះមានក្រុមជនអនាធិបតេយ្យមួយចំនួនបានលប​លួចចូល​កាប់រាន​ទ​ន្ទ្រាន​ដីព្រៃ ដាំដំណាំ បោះបង្គោលរបង និងសាងសង់ខ្ទមដោយខុសច្បាប់ប្រមាណចំនួន៣៣​គ្រោង​ខ្ទ​ម ក្នុងដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងភូមិសាស្រ្តសង្កាត់លេខ១ ក្រុងព្រះសី​ហ​នុ ខេត្តព្រះសីហនុ ក្នុងគោលបំណងហ៊ុមព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមរដ្ឋបាលខេត្ដ​ព្រះសីហនុបញ្ជាក់៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *