ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានទទួលជ័យលាភីសញ្ញាប័ត្រ បណ្ឌិតទស្សនវិជ្ជា ផ្នែក វិទ្យាសាស្ត្រសុខភាពសារធារណៈ និង ផាសុកភាព ពី សាកលវិទ្យាល័យអន្តរជាតិ ពោធិ៍សាស្ត្រា ផ្ល័រីដា សហរដ្ឋអាមេរិក ( BODHISASTRA UNIVERCITY FLORIDA, USA. )។
នេះពិតជាមហាកិត្តិយសដ៏ឧត្តុងឧត្តមសម្រាប់អង្គភាព អង្គការ សមាគម វិស័យឯកជន និងជាពិសេសសង្គមជាតិទាំងមូល ដែលកន្លងមក ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាលកន្លងតាមរយៈបណ្តុះបណ្តាលជំនាញជាច្រើនរួមមាន៖ អ្នកលក់ឱសថ ការទុកដាក់ឱសថ គោលការអនុវត្តន៍ល្អ ក្នុងឱសថស្ថាន ការថែទាំសុខភាព និងសម្រស់ សុខភាពបន្តពូជ ការថែទាំភ្នែក សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងធនធានមនុស្សក្នុងគោលបំណង ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូរណ៌ សប្បាយ រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី អធិការបតីនៃសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សហរដ្ឋអាម៉េរិក បានលើក ឡើងពីការលើកទឹកចិត្តចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបានចូលសិក្សាជាមួយសាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា។ លោកសាស្ត្រាចារ្យបណ្ឌិត ស័ក្តិ ប្រាសានឌី ដែលមានកំណើមដើមជាជនជាតិខ្មែរនៅភាគខាងលើ(ខ្មែរសុរិន)នោះ បានបង្ហាញក្ដីស្រឡាញ់រាប់អានយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅប្រទេសកម្ពុជា និងបានមើលឃើញពីសមត្ថភាព សក្ដានុពលដ៏ពិសេសរបស់លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព សាកលវិទ្យាល័យអន្តរជាតិពោធិសាស្ត្រា រដ្ឋហ្វ្លរីដា សម្រេចប្រគល់ជ័យលាភីសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសារធារណៈ និងផាសុកភាព ជូនដល់លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព។
ថ្លែងក្នុងឱកាសប្រារពពិធីអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បាន មានប្រសាសន៍ថា “កំហុសដ៏ធំរបស់មនុស្សយើងគឺ ភ្លេចថែទាំសុខភាព ព្រោះរវល់តែរកប្រាក់ ហើយក៏យកប្រាក់ដែលរកបានទាំងនោះទៅព្យាបាលជំងឺវិញ”និយមន័យ សុខភាពសាធារណៈ (Publish Health) គឺជា “វិទ្យាសាស្រ្ត និងសិល្បៈនៃការការពារជំងឺ ការពន្យារអាយុជីវិត និងការលើកកម្ពស់សុខភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងដែលបានរៀបចំ និងការជ្រើសរើសព័ត៌មានរបស់សង្គម អង្គការ សាធារណៈ និងឯកជន សហគមន៍ និងបុគ្គល”។ សុខភាពរបស់ប្រជាជន និងការគំរាមកំហែងដែលវាប្រឈមមុខគឺជាមូលដ្ឋានសម្រាប់សុខភាពសាធារណៈ។ ក្នុងករណីជំងឺរាតត្បាត វាអាចគ្របដណ្តប់ទ្វីបជាច្រើន។ គោលគំនិតនៃសុខភាពត្រូវគិតពីសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម ក្នុងចំណោមកត្តាផ្សេងៗទៀត។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតបញ្ជាក់ថាផាសុកភាព ( Wellness Service) ជាភាពទទួលសុខភាពផ្លូវកាយ ផ្លូវចិត្ត និងភាពសុខដុមក្នុងការរស់នៅក្នុងសង្គម នេះបើយោងតាមអង្គការ សុខភាពពិភពលោក (WHO) ។ ហើយបើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្សថា ផាសុកភាព ថ្នាក់ពាក្យ ជានាមសព្ទ មានន័យ ថា គ្រឿងនាំឱ្យសុខស្រួល ស្រួលខ្លួន។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងសុខុមាលភាពសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕ ដោយ៖ ចាប មាស