រដ្ឋមន្រ្តីបរិស្ថានព្រមានដកតំណែងមន្រ្តីដែលមិនចាត់វិធានការលើការបង្ហូរទឹកកខ្វក់ពីរោងចក្រចូលប្រភពទឹក

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានព្រមានដកតំណែងមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក ដែលមិនយកចិត្តទុកតាមដានពិនិត្យ និងចាត់វិធានការលើការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសចូលប្រភពទឹកមានបរិស្ថានល្អ។ ការព្រមានរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

បើតាមលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា «កន្លងមកនេះលោកបានណែនាំឱ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោមតែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងនិងបញ្ឈប់ពីក្របខ័ណ្ឌមន្រ្តីរាជការហើយ»។

លោកអ៊ាង សុផល្លែត បានលើកឡើងថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន១៧លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។

«ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរពកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ចំពោះការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន។

កន្លងមកមន្រ្តីក្រសួងបរិស្ថានបានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តោតលើសរសស្តម្ភ៣ គឺ ភាពស្អាត បៃតង និងចីរភាព។ តាមលោកអ៊ាង សុផល្លែត បានឱ្យដឹងថា សុខភាពបរិស្ថាន មាន៣ គឺទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ការបំពុលនៅក្នុងបរិស្ថានទាំង៣នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *