ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខ្យល់មូសុងនិរតី និងសម្ពាធទាប ដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើប្រទេសកម្ពុជាបានខ្សោយឥទ្ធិពល ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសកម្ពុជា ដោយគ្របដណ្តប់លើផ្ទៃដី៥ទៅ១០ភាគរយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែសីហា ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។
តំបន់ខ្ពង់រាប មានខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឺងត្រែង មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕