អភិបាលខេត្តកំពតឱ្យពលរដ្ឋពិចារណាមុនប្តឹងផ្តល់គ្នាព្រោះគ្មានចំណេញសម្រាប់គូរភាគី

«ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានប្តឹងផ្តល់រួចហើយ និងអ្នកដែលមិនទាន់បានប្តឹងផ្តល់គ្នា សូមគិតពិចារណាឱ្យបានហ្មត់ចត់បំផុតមុនដាក់ពាក្យបណ្តឹង ព្រោះការមានទំនាស់រវាងគ្នានឹងគ្នា គឺមិនបានផ្តល់នូវផលល្អសម្រាប់គូរភាគីណាមួយនោះឡើយ មានតែធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់ប្រាក់កាស់ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះជាដើម»។ នេះជាការណែនាំរបស់លោកម៉ៅ ធនិន អភិបាលខេត្តកំពត។

លោក ម៉ៅ ធនិន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ករណីដែលនៅសេសសល់មួយចំនួន នៅសាលមហាជន សាលាខេត្តកំពត។ មុននឹងចាប់ផ្តើមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោកអភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងពីរ តែងតែជំរុញ និងដាក់ចេញនូវគោលការណ៍មកកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមាន អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស និងឱ្យមានប្រសិទ្ធិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត កាត់បន្ថយការចំណាយពេលវេលា និងថវិកា ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត បានប្រាប់ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានប្តឹងផ្តល់រួចមកហើយ និងអ្នកដែលមិនទាន់បានប្តឹងផ្តល់គ្នា សូមគិតពិចារណាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុតមុនដាក់ពាក្យបណ្តឹង ព្រោះការមានទំនាស់រវាងគ្នានឹងគ្នា គឺមិនបានផ្តល់នូវផលល្អសម្រាប់គូរភាគីណាមួយនោះឡើយ មានតែធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់ប្រាក់កាស់ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះជាដើម។

លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវព្យាយាមដោះស្រាយបញ្ចប់វិវាទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានចប់ត្រឹម ឃុំ-សង្កាត់ ឬក្រុង-ស្រុករបស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយពេលវេលា ឬថវិការបស់ពលរដ្ឋ។

លោក ម៉ៅ ធនិន ទទួលបានការគាំទ្រពីគ្រប់ភាគី ក្រោយពីបានដោះស្រាយបញ្ចប់ទំនាស់ ធំ-តូច ប្រមាណជិត ៣ពាន់ករណី ពិសេសវិវាទដីធ្លីធំៗ (ទំនាស់ដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ)។ ទន្ទឹមនឹងទទួលបាននូវការគាំទ្រនេះ ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយបញ្ចប់វិវាទ បានលើកឡើងថា ការដោះស្រាយរបស់លោក អភិបាលខេត្ត គឺស្ថិតលើសុភវិនិច្ឆ័យ និងថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយការដោះស្រាយមិនមានភាពលំអៀងទៅភាគីណាមួយនោះឡើយ។ ពលរដ្ឋបានថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលបានចំណាយពេលវេលាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅដល់ស្ថាប័នតុលាការ។

សូមបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ថ្ងៃទី១៥ ខែសីហា គឺមានចំនួន ១៣ករណី ដែលសុទ្ធសឹងជាករណីទំនាស់ដីកេរ្តិ៍មរតក រវាងកូនៗ និងឪពុកម្តាយ រវាងបងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់ដោយប្រើរយៈពេលជិតពេញមួយថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *