នាយករដ្ឋមន្រ្តី៖ពលរដ្ឋមានសិទ្ធិបោះឆ្នោតទម្លាក់រដ្ឋាភិបាលប្រសិនបើធ្វើឱ្យបាត់ខេត្ត៤ទៅបរទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើសិនរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាព គ្មានការអភិវឌ្ឍន៍ឈានដល់ការបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តទាំង៤របស់កម្ពុជាដោយគ្មានហេតុផលច្បាស់លាស់ ប្រជាពលដ្ឋមានសិទ្ធិក្នុងការបោះឆ្នោតទម្លាក់រាជរដ្ឋាភិបាលចោលនៅឆ្នាំ២០២៧និង២០២៨ ឬនៅពេលបន្ដបន្ទាប់ទៀត។ សម្តេចធិបតីបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិ និងអំណាចស្របច្បាប់ក្នុងរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតដើម្បីដាក់ពិន័យគណបក្សណាដែលកាន់អំណាច។ សម្ដេចថ្លែងបែបនេះ បន្ទាប់ពីមានទស្សនៈចម្រូងចម្រាសជុំវិញកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA)។

តាមរយៈពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៩ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវសាជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋដែលព្រួយបារម្ភពីប្រទេសជាតិទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ សូមបញ្ចេញមតិប្រកបដោយសីលធម៌ កុំឈានដល់ការណាត់វាយឬកាប់ចាក់គ្នាដែលនាំឱ្យមានការបែកបាក់ជាតិ។ យ៉ាងណាមិញ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ចំពោះអ្នកដុតប្រទេស និងអ្នកដែលបំផុសធ្វើអ្វីល្មើសច្បាប់ឱ្យសម្រេចបាននូវផែនការរបស់ពួកគេក្នុងគោលបំណងញុះញង់បំបែកបាក់ជាតិ។

ជាមួយគ្នានេះ សម្តេធធិបតីនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រសិនបើចង់ការពារទឹកដីគឺរួមគ្នាការពារកុំឱ្យបែកបាក់ជាតិជាមុនសិន ដែលនេះជាកិច្ចការសំខាន់ដោយត្រូវផ្តើមចេញពីការថែរក្សានូវទស្សនៈរួមគ្នា កុំធ្វើសកម្មភាពអ្វីឈានទៅដល់ការប៉ះទង្គិចហិង្សា ឬមួយជាការសងសឹកគ្នាទៅវិញទៅមកដែលគឺជាបញ្ហាត្រូវតែថែរក្សាឱ្យបាន។ ប្រសិនបើឱ្យខ្មែរលាបពណ៌ដាក់គ្នាទាំងអ្នកគាំទ្រនិងអ្នកមិនគាំទ្រកិច្ចសហប្រតិបត្តិការ ហើយឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា នោះនឹងមានការបែកបាក់ដែលធ្វើឱ្យលែងទុកចិត្តគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *