រដ្ឋមន្ត្រីធនធានទឹកស្នើឱ្យADBបន្តវិនិយោគបន្ថែមនៅកម្ពុជាដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បាន​ទទួល​​ជួប​ពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បន្តការវិនិយោគបន្ថែមទៀតលើវិស័យ​គ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោក ថោ ជេដ្ឋា បានឱ្យដឹងថា កន្លងមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរួមចំណែកយ៉ាង​ធំធេ​ង​​​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍ និងការរីកចម្រើននៃសង្គម​សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្ម​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ឆ្លើយតបទៅនឹងគោល​នយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋ​សភា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បន្តការវិនិ​យោ​គបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួល​អាកាស​ធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ លោកក៏បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបាន​ជាអតិបរមា​នូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូ​ទេស​ចរ​ណ៍។

ជុំវិញនឹងសំណើរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកស្រីនាយិកា​ធនាគា​រ​អភិវឌ្ឍន៍​អាស៊ីប្រចាំប្រទេសកម្ពុជា មិនទាន់ឆ្លើយតបនឹងសំណើរនេះនោះទេ ប៉ុន្តែបានបញ្ជាក់ពី​ការ​ពង្រីកបន្ថែមទុនវិនិយោគរយៈពេលពីរឆ្នាំទៀតរបស់ធនាគារADB លើគម្រោងកែលម្អវិស័យធារា​សាស្រ្ត​កសិកម្ម(IAIP) ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធ​ធារា​សាស្រ្ត និងពង្រីកលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។

សូមបញ្ជាក់ថា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្តុ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដែលគ្រោងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ​២០២៥ នឹងត្រូវបន្តរយៈពេលអនុវត្ត២ឆ្នាំបន្ថែមទៀត ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយម​បង្កើនការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកំពង់ធំ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយស័ក្តិសិទ្ធិភាព​នៅមជ្ឈ​មណ្ឌល​ជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC)៕

 

Leave a Reply

Your email address will not be published. Required fields are marked *