ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦,៦៩ ប៊ីលានរៀល ស្មើនឹង ៤៣,៦៣ លានដុល្លារ។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦,៦៩ ប៊ីលានរៀល ស្មើនឹង ៤៣,៦៣ លានដុល្លារ។ ក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥,១០ ប៊ីលានរៀល ស្មើនឹង ១៣,៦១ លានដុល្លារ និងចំណូលប្រមូល បានពីនិវាសនជនតាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០,០២ លានដុល្លារ។ ដោយឡែកចំណូលដែលប្រមូលបានពីវិស័យនេះក្នុងខែកក្កដា មានចំនួន ២៤,៤៥ ប៊ីលានរៀល ស្មើនឹង ៦,០៤ លានដុល្លារ។
សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗបានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX… ជាដើម៕