រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រៀបចំជាប្រតិទិនសម្រាប់កំណត់ពេលមិនឱ្យរថយន្តធុនធំធ្វើដំណើរនាឱកាសបុណ្យជាតិធំៗ ដើម្បីកាត់បន្ថយនៃអត្រាអ្នកស្លាប់និងអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងករណីគ្រោះចរាចរណ៍នាពិធីបុណ្យជាតិនេះ លោកស សុខា មើលឃើញថា គ្រោះថ្នាក់បានសម្លាប់មនុស្សម្តងៗ៤ទៅ៥នាក់។ ដូច្នេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា បើប្រាប់ពួកគាត់ឱ្យបានមុនរយៈពេល១ឆ្នាំ នោះពួកគាត់អាចត្រៀមការដឹកជញ្ជូនសម្របសម្រួលបានមុនពេលពិធីបុណ្យជាតិមកដល់។ នេះបើតាមវីដេអូដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា រថយន្តធុនធំតែងតែបង្កបញ្ហានិងគ្រោះថ្នាក់រហូតនៅតាមផ្លូវមួយចំនួនដែលមានភាពចង្អៀត ជាពិសេសនៅតាមផ្លូវទីប្រជុំជនទៅតាមបណ្តាខេត្តដែលជាទីកំណើតរបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ លោករដ្ឋមន្រ្តី លើកឡើងថា «ប្រសិនបើយើងមានប្រតិទិនវែងមុន ដោយលោកសង្កត់ធ្ងន់ថា ថ្ងៃចូលឆ្នាំមានរយៈពេល៣ទៅ៤ថ្ងៃ គឺត្រូវហាមការដឹកជញ្ជូនតែម្តងដោយតម្រូវឱ្យសម្រាក ប៉ុន្តែបន្ទាប់ពីថ្ងៃបុណ្យផុតទៅគឺការដឹកជញ្ជូនប្រែមកធម្មតាវិញ»។
សូមជម្រាបថា កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៦៤ករណី បណ្តាលឱ្យមនុស្សស្លាប់សរុប៣៧នាក់និង៨៨នាក់បានរងរបួស។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃនៃឆ្នាំ២០២៤នេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣ដែលមានរយៈពេល៣ថ្ងៃ មានមនុស្សស្លាប់សរុប២៥នាក់ គឺកើនឡើងចំនួន១២នាក់ ខណៈរបួសធ្ងន់ស្រាលសរុបចំនួន៩២នាក់ គឺថយចុះចំនួន៤នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែក បើគិតក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១,៥៣៤លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩៣នាក់ និងរបួសសរុបចំនួន២,១១៦នាក់ ក្នុងនោះរបួសធ្ងន់ ១,២៤៣នាក់។ ទិន្នន័យនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនអ្នកស្លាប់កើនឡើង៣៧នាក់ ស្មើនិង៥ភាគរយ និងអ្នករងរបួសសរុបកើនដល់៤៤នាក់ ស្មើនិង២ភាគរយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។ នេះបើតាមរបាយការណ៍ដែលលោក ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីអំឡុងដើមខែកក្កដា ឆ្នាំ២០២៤៕