អ្នកនាំពាក្យ៖ការប៉ងផ្តួលរំលំរាជរដ្ឋាភិបាលជាបទឧក្រិដ្ឋធ្ងន់ធ្ងរអាចប្រឈមទោសពី១៥ឆ្នាំទៅមួយជីវិត

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម«បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២នៃក្របព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ក្នុងករណីជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ »បទល្មើសឧបឃាត» ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ការចេញមកបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងជ្រុលនិយមបានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA ដោយចោទរាជរដ្ឋាភិបាលបានកាត់ដីចំនួន៤ខេត្ត ឱ្យទៅ បរទេ ស ក្នុងការធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់និងអូសទាញប្រជាពលរដ្ឋក្នុងស្រុក ឱ្យ ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងនេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣សីហាឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំផ្លៃការពិតពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន័តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឦសានទាំង៤នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួង បានតាមដានករណីនេះ ដោយយកចិត្តទុកដាក់ និងចុងក្រោយនេះ សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាក្តាប់បានយ៉ាងច្បាស់លាស់នូវភស្តុតាំង ដែលបង្ហាញថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោង CLV-DTA ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

«សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនាដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ»។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាននៃកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងនធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២នៃក្របព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ »បទល្មើសឧបឃាត» ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ចំពោះរាលបុគ្គលទាំងឡាយដែនចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី«បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើនេះ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅបង្ក្រាប់បទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម និងបញ្ញត្តិជាធរមាន អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ ស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ដោយដាច់ខាតមិនត្រូវអនុញ្ញាតឱ្យកម្លាំងនៃក្រុមនយោបាយជ្រុលនិយមណាមួយមកបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *