ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ របស់ប្រទេសកម្ពុជា ដោយគ្រប់ដណ្តប់លើផ្ទៃពី៥ទៅ១៥ភាគរយ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ការដែលអាចនាំឱ្យមានភ្លៀងធ្លាក់បែបនេះ ដោយសារខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា។
បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែសីហា ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដោយគ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ជួរដងរែក ដោយគ្របដណ្តប់លើផ្ទៃដី ៥ភាគរយ។
តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នៅតាមតំបន់ជួរភ្នំបូកគោ ដោយគ្របដណ្តបលើផ្ទៃ១០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕