បំណែកសាច់បង្កកចម្រុះចំនួន ៦,១៩៩គីឡូក្រាម(ជាង៦តោន) ត្រូវបានមន្រ្តីជំនាញនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបាន និងដុតកម្ទេចចោល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
បើតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បំណែកសាច់បង្កកទាំងនេះជាទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់រួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់លេខគីឡូម៉ែត្រ K31+800។
គួរជម្រាបថា បើតាមសេចក្ដីជូនដំណឹងរួមពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីអំឡុងខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយចំនួន ៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការអនុវត្ដដូច្នេះយោងតាមការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ប៉ុន្ដែវិធានការនេះមិនអនុវត្ដចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់(គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។
ចំពោះការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយនេះ មានដូចជា អណ្តាតនៃសត្វគោក្របីបង្កក ថ្លើមគោក្របីបង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើមនៃសត្វជ្រូកបង្កក។
ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កក ថ្លើមនៃសត្វមាន់បង្កក សាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច៕