ជនជាតិវៀតណាមចំនួន ២៨នាក់ ក្នុងនោះមានស្រី ៦នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានបណ្តេញចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ការបណ្តេញចេញពីប្រទេសកម្ពុជានេះ ត្រូវបានអគ្គនាយករដ្ឋានអន្តោរប្រវេសន៍ បញ្ជាក់ថា ដោយសារជនជាតិវៀតណាមទាំងនេះ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ីសង (ល្បែងអនឡាញ)។
បើតាមអគ្គនាយករដ្ឋានអន្តោរប្រវេសន៍ ការបណ្តេញជនជាតិវៀតណាមចេញពីប្រទេសកម្ពុជានេះ បានធ្វើឡើងតាមអនុសាសន៍របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមានការណែនាំពីលោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងពន្ធនាគារខេត្តកណ្តាល នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕