ភ្នំពេញនិងខេត្តផ្សេងទៀតអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ដល់ថ្ងៃ១៤សីហា

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ដោយគ្រប់ដណ្តប់លើផ្ទៃពី៥ទៅ១៥ភាគរយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ការដែលអាចនាំឱ្យមានភ្លៀងធ្លាក់បែបនេះ ក្រសួងបញ្ជាក់ថា ដោយសារព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ជាមួយខ្យល់មូសុងនិរតី បានថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និង លើកម្ពុជា។

បើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែសីហា ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី៥ភាគរយ។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃដី ១០ភាគរយ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត ខេត្តកែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្រប់ដណ្តប់លើផ្ទៃ ១៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *