ក្មេងស្រីម្នាក់ទៀតនៅខេត្តស្វាយរៀងឆ្លងជំងឺផ្តាសាយបក្សី

ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សីចំនួន១ករណីទៀតកើតលើក្មេងស្រីអាយុ១៦ឆ្នាំ នៅក្នុងខេត្តស្វាយរៀង ដែលនេះជាករណីទី២ បន្ទាប់ពីរកឃើញជំងឺផ្តាសាយបក្សីកើតលើក្មេងប្រុសអាយុ៤ឆ្នាំ កាលពីថ្ងៃទី៣០ ខែកក្កដា។ ជំងឺផ្តាសាយបក្សីដែលកើតលើក្មេងស្រីរូបនេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជាប្រភេទហាស់៥អ៊ិន១( H5N1) ដែលត្រូវបានបញ្ជាក់ពីភាពវិជ្ជមានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្មេងស្រីដែលឆ្លងជំងឺផ្តាសាយបក្សីរូបនេះ មានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទា្រ ខេត្តស្វាយរៀង។ ក្មេងស្រីនេះ មានអាការៈ គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

«តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺនៅផ្ទះអ្នកជិតខាង និងនៅផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ។ ក្មេងស្រីនេះ បានប៉ះពាល់និងកាន់មាន់ទាងាប់»។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល។

ក្រុមមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស។ ក្នុងនោះ នឹងបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតសិ្នទ្ធ និងធ្វើយុទ្ធនាការអប់រំសុខាភាពប្រជាពលរដ្ឋក្នុងភូមិដែលកើតហេតុខាងលើ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ចពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមគំហែងដល់សុខភាពប្រជាពលរដ្ឋ។ លើសពីនេះ ក្រសួងណែនាំដល់ប្រជាពលរដ្ឋដែលមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់ទាន់ពេលវេលា។

សូមជម្រាបថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែសីហា បានប្រកាសរកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សីចំនួន១ករណីកើតលើក្មេងប្រុសអាយុ៤ឆ្នាំ នៅក្នុងខេត្តស្វាយរៀង។ ជំងឺផ្តាសាយបក្សីដែលកើតលើក្មេងប្រុសរូបនេះ ជាប្រភេទហាស់៥ អ៊ិន១ (H5N1) ដោយបានបញ្ជាក់ពីភាពវិជ្ជមានពីវិទ្យាស្ថានជាតិសុខាភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ក្មេងប្រុសនេះ មានទីលំនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *