ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S បន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ។ ការណែនាំបែបនេះ បន្ទាប់ពីក្រសួងពិនិត្យឃើញមានឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិការពីក្រសួងកំពុងចរាចរលើទីផ្សារនៃប្រទេសកម្ពុជា។
ផលិតផលនេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ថា អាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ដោយឡែក ផលិតផលនេះ មានលក្ខណៈស្រដៀងនឹងឧបករណ៍ បរិក្ខារពេទ្យដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឧបករណ៍បរិក្ខារពេទ្យខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
បន្ថែមពីនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែករួមមាន៖ ១. ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន និង២. ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មកជាមួយផងដែរ៕