រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត និងសិស្ស និស្សិត បានឈប់សម្រាប់១ថ្ងៃ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ការឈប់សម្រាករបស់បុគ្គលិក និងកម្មករនិយោជិត ត្រូវទទួលបានប្រាក់ឈ្នួល។
បើតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០១ សីហា បានឱ្យដឹងថា ការអនុញ្ញាតឱ្យមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត និងសិស្ស និស្សិតបានឈប់សម្រាប់១ថ្ងៃនេះ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាពចូលរួមអបអរសាទប្រកបដោយបរិយាការអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរនិងដើម្បីខ្មែរគ្រប់រូប»។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូនណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០សរ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១(មួយ)ថ្ងៃ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។
មិនតែប៉ុណ្ណោះ ការឈប់សម្រាកនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួលបានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ។
គួរជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធីបតីភាពក្នុង «ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ខណៈនៅតាមគ្រប់វត្តអារាម នឹងទូងស្គរ និងបាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន ក្នុងថ្ងៃបើកការដ្ឋានសាងសង់ ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ត សម្រេចការអនុវត្តនូវគម្រោងនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
តាមការសិក្សាបានបង្ហាញថាផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។គម្រោងនេះ នឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ១,៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមានដូចជា ទី១ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ទី២ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ទី៣ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ទី៤ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ ទី៥ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា និងទី៦ ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕