ភ្នំពេញ ៖ ឯកឧត្តម ឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជាបានប្តេជ្ញា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អោយមាននិរន្តរភាព ។
ការប្ដេជ្ញាបែបនេះរបស់ឯកឧត្តម ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់កណ្តាលចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ Grand Terrace ខណ្ឌទួលគោក។
ក្នុងសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។
ឯកឧត្តម ឧកញ៉ាបណ្ឌិត ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការដាក់ចេញនូវគោលនយោបាយ គាំពារវិស័យនេះ។
ជាមួយគ្នានេះឯកឧត្តមបញ្ជាក់ថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានបង្ហាញគាំទ្រគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម ឧកញ៉ា ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលទាំង៥៧រូប ត្រូវតែគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
ឯកឧត្តម ឡី សុភាព បានណែនាំឱ្យគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមានគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនាឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។ លើសពីនេះ ឯកឧត្តម ក៍បានដាស់តឿនឱ្យគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ ត្រូវមានការបូកសរុបលទ្ធផលការងារ វាយតម្លៃ និងលើកទិសដៅការងារបន្តសម្រាប់ពេលខាងមុខ៕