សកម្មភាពនៃដំណើរការផ្តល់ពាក្យថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដល់បេក្ខជនសម្រាប់ប្រឡងប្រជែង យកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីបណ្ដុះបណ្ដាល ឱ្យក្លាយជានាយនគរបាលបន្តវេន

ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការផ្តល់ពាក្យប្រឡងដល់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងប្រជែងយកអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលឱ្យក្លាយជានាយនគរបាលបន្តវេន។  និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល នឹងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារផ្ដល់ពាក្យនិងទទួលពាក្យប្រឡងរបស់ គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបការណ៍ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរបស់ក្រសួងមហាផ្ទៃ បានបន្តរៀបចំផ្ដល់ពាក្យដល់បេក្ខជន នៅបណ្ឌិត្យសភានគរបាលកម្ពុជា។  

ក្រុមការងារផ្ដល់ពាក្យដែលមានសមាសភាពចំណុះមកពីអគ្គនាយកដ្ឋានធនធានមនុស្សនិងបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្ដល់ពាក្យដល់បេក្ខជន រួមមាន៖

  សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មាន៦ខេត្ត រួមមានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន 

  សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មាន៦ខេត្ត រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី

– ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មាន៤ខេត្ត រួមមាន ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និងកំពត

– ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មាន៧ខេត្ត រួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង

– ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មាន រាជធានីភ្នំពេញនិងខេត្តតាកែវ។

ដោយការផ្តល់ពាក្យនឹងធ្វើជាបន្តបន្ទាប់ ស្របតាមសេចក្តីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ 

ដើម្បីទទួលបានពាក្យប្រឡង ក្រុមការងារត្រូវវាយតម្លៃ ដូចខាងក្រោម៖

១-ការវាស់កម្ពស់ (បុរសកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើង នារីកម្ពស់ចាប់ពី ១.៦០ម៉ែត្រឡើង )។

២-ការថ្លឹងទម្ងន់ (ទម្ងន់ត្រូវសមាមាត្រនឹងកម្ពស់)។

៣-ការពិនិត្យលើឯកសារពាក់ព័ន្ធ។

៤-ការធ្វើតេស្តកាយសម្បទារួមមានភ្នែក ដំណើរ សំឡេង ស្លាកស្នាម និងអវៈយវៈ

៥-ការធ្វើតេស្តលើសមត្ថភាពរាងកាយ តាមរយៈការរត់ចម្ងាយ ៨០០ម៉ែត្រ (៤នាទីសម្រាប់បុរស និង៥នាទី សម្រាប់នារី)ដើម្បីពិនិត្យទៅលើសុខភាព សួត និងបេះដូង។

៦-ការធ្វើតេសភាសាអង់គ្លេសបន្ថែមសម្រាប់បេក្ខជនជ្រើសរើសជំនាញភាសាអង់គ្លេសសម្រាប់កិច្ចការ នគរបាល។

សូមបញ្ជាក់ជូនថាបេក្ខជនដែលបានឆ្លងកាត់ដំណាក់កាលខាងលើដោយជោគជ័យ ទើបអាចទទួលពាក្យប្រឡងបាន។

គួរកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០១៩មក ក្រសួងមហាផ្ទៃបានជ្រើសរើសបេក្ខជនពីក្នុង ចំណោមយុវជននិងយុវនារី ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យចូលសិក្សាថ្នាក់បរិញ្ញបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា  តាមរយៈការត្រួតពិនិត្យកាយសម្បទាគ្រប់ជ្រុងជ្រោយនិងការប្រឡងប្រជែងយ៉ាងតឹងតែង។ នេះជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់លើការជ្រើសរើសនិស្សិតឱ្យចូលរៀន ស្របតាមឧត្ដមានុវត្តអន្តរជាតិនៃបណ្ដាប្រទេសជឿនលឿននានា ដើម្បី ជ្រើសរើសបេក្ខជនមានលក្ខណសម្បត្តិសមស្របមកធ្វើការបណ្ដុះបណ្ដាលឱ្យក្លាយជានាយនគរបាលបន្តវេនប្រកបដោយសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ 

រហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រកំណែទម្រង់ថ្មីនេះ ចំនួន៥ជំនាន់រួចមកហើយ ចាប់តាំងពីជំនាន់ទី១១ដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៤ ហើយកំពុងធ្វើការជ្រើសរើសនិស្សិតជំនាន់ទី១៥ នៅឆ្នាំ២០២៣នេះ។ ការបណ្ដុះបណ្ដាលតម្រូវឱ្យនិស្សិតសិក្សារយៈពេល ៤ឆ្នាំ ដោយបានផ្ដោតលើជំនាញសំខាន់ៗ រួមមាន ជំនាញសន្តិសុខ គ្រប់គ្រងនិងដឹកនាំបញ្ជា សណ្តាប់ធ្នាប់ សាធារណៈ ស៊ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងបទល្មើសបច្ចេកវិទ្យា អន្តោប្រវេសន៍ អត្តសញ្ញាណកម្ម និង ភាសាអង់គ្លេសសម្រាប់កិច្ចការនគរបាល។ 

ក្រោយពេលបញ្ចប់ការសិក្សា និស្សិតជ័យលាភីត្រូវតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរសក្ដិអនុសេនីយ៍ត្រីនិងត្រូវចាត់តាំងឱ្យទៅបម្រើការងារនៅតាមអង្គភាពនគរបាលនានាទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *