ភ្នំពេញ៖ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងឆ្នាំ២០២២កន្លងទៅ ទាំងការអភិវឌ្ឍ និងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ពិសេស ក្នុងកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីជាតិនិងអន្តរជាតិ។
ថ្លែងកោតសរសើរនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ ទី៣ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានកប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារគ្រប់ជំនាញ ក្នុងឆ្នាំ ២០២២កន្លងមកនេះ បានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដោយទទួលបាននូវលទ្ធផល និងស្នាដៃគួរជាទីមោទនៈ ជាក់ស្ដែងធ្វើឱ្យបានសម្រេចនូវស្នាដៃធំៗជាច្រើនដូចជា៖ ការកែលម្អសោភ័ណភាព រាជធានីភ្នំពេញ ការសហការរៀបចំថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដូចជាការធានាការពារ រាល់ពិធីបុណ្យជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗ ពិសេសកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមកចូលរួម និងទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលកិច្ចប្រជុំអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំវេទិកាអភិបាលក្រុង ASEAN ឆ្នាំ២០២២ កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងព្រឹត្តិការណ៍«បើកបិទ»ការប្រកួតកីឡា ជាតិបានល្អប្រសើរ។ល។
ឯកឧត្តម ប្រធានបន្តថា បើទោះបីនៅមានសេសសល់ជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកលេចចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែការកសាងសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅបន្តអនុវត្ត គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែស្រស់បំព្រងមិនចាញ់ទីក្រុងនៃបណ្តាប្រទេស ជឿនលឿនឡើយ ពិសេសក្រោយពីបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពគ្រប់វិស័យ បានផ្ដើមរស់រវើក ក្នុងនោះគួរកត់សម្គាល់ទេសចរណ៍ ក្នុងស្រុកមានចលនាខ្លាំង ។ ចំពោះការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់វិញ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញអោយរដ្ឋាករស្វ័យតគ្រប់គ្រងសំណល់រឹងសំរាមរាជធានីភ្នំពេញ ប្រមូលនិងដឹកជញ្ជូនសំរាមបានស្អាតល្អ គិតជាមធ្យមបានប្រមាណ ៣៥៧៨,៣៧តោនក្នុងមួយថ្ងៃ៕