មេដឹកនាំកំពូលវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្មារតីពង្រឹង និងពង្រីកទំនាក់ទំណងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរ

ហាណូយ ៖ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសវៀតណាម ជាស្មារតីពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរ។

ប្រមុខរដ្ឋវៀតណាម បានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម។

ប្រមុខរដ្ឋវៀតណាម ក៏បានសម្តែងការអបអរសាទរសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ តាមរយៈលទ្ធផលនេះ បានបង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សលើសមត្ថភាពនៃការដឹកនាំរបស់សម្តេចធិបតី។

លោក វ៉ វ៉ាន់ធឿង ក៏បានសម្តែងការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជានៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តស្មារតីពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

លោក វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានរដ្ឋវៀតណាម។ សម្តេចធិបតី បានបញ្ជាក់ថា វៀតណាម ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

សម្តេចធិបតី បានជម្រាបជូនប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម។

លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម។ ប្រមុខរដ្ឋវៀតណាម បានផ្តាំផ្ញើសួរសុខទុក្ខថ្វាយព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងជូនសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា។

ប្រមុខរដ្ឋវៀតណាម បានបញ្ជាក់ដែរថា លោករង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសវៀតណាម នាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *