ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល អ្នកជំងឺអេដស៍ ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ !

ភ្នំពេញ៖អាជ្ញារាធានីភ្នំពេញ បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ធ្នូក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព” នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីដោះស្រាយវិសមភាព ដោយបង្កើនភាពអាចរកបាននូវ គុណភាព និងភាពស័ក្តិសមនៃសេវាកម្មនានា សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល សម្រាប់អ្នកជំងឺអេដស៍ ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ ។

មន្រ្តីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ធ្នូនាព្រឹកថ្ងៃទី២០ធ្នូនេះថា ចំនួនប៉ាន់ស្មាន អ្នកផ្ទុកមេរោគអេដស៍សរុបនៅរាជធានីភ្នំពេញមានចំនួន១៩.៥៣៣នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍មានចំនួន ២២.៣៨៦នាក់។ អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ពី១៥-៤៩ឆ្នាំមានចំនួន០,៦ %។ រយះពេល៩ខែដើមឆ្នាំ២០២២នេះ បានធ្វើតេស្តរកមេរោគអេដស៏នៅតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យបង្អែក និង អង្គការជាដៃគូរបានចំនួន ៦៤ .៩២២ នាក់ HIV+ ចំនួន១៣៣០នាក់ រកឃើញករណីឆ្លងថ្មី តិចជាងឆ្នាំមុន១៨នាក់ ហើយ៨០ % នៃករណីឆ្លងថ្មី គឺជាក្រុមប្រជាជនគន្លឹះ និងដៃគូររបស់ពួកគេ។
ចំណែក លោក ស៊ឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៏ បានលើកឡើងថា ប្រធានបទ “ធ្វើឱ្យមានសមភាព” គឺជាការអំពាវនាវ និងជំរុញឱ្យ ទាំងអស់គ្នា ធ្វើការសម្រាប់សកម្មភាពជាក់ស្តែងដែលចាំបាច់ ដើម្បីដោះស្រាយវិសមភាព ដោយបង្កើនភាពអាចរកបាននូវ គុណភាពនិងភាពស័ក្តិសមនៃសេវាកម្មនានា សម្រាប់ការផ្ដល់ប្រឹក្សា ការធ្វើតេស្ត ការថែទាំព្យាបាល សម្រាប់អ្នកជំងឺអេដស៍គ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ ឬ ពណ៌សម្បុរមោះឡើយ។
ដើម្បីឱ្យការធ្វើអន្តរាគមន៍ទាំងឡាយទទួលជោគជ័យ និងធានាចីរភាព ក្នុងរយៈពេលវែង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៏បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់មួយចំនួន ដោយបញ្ចូលកម្មវិធីអេដស៍ចូលក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់ និងគោល នយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឃុំសង្កាត់មានលទ្ធភាពជួយស្វែងរកករណ៍ ផ្ទុកមេរោគ អេដស៍ បញ្ចូនទៅរកសេវាថែទាំព្យាបាល សម្របសម្រួលបង្កបរិយាកាសអំណោយផល និងផ្តល់ការគាំទ្រសង្គមដល់គ្រួសារអ្នកជំងឺអេដស៍ក្រីក្រ។
អភិបាលរងរាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី ក្នុងឱកាសនោះ បានអានសាលិខិតរបស់សម្តេចតេជោហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និង បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុត ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ អោយជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *