កិច្ចសន្ទនាប្រចាំឆ្នាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា!

ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ បានបើកកិច្ចសន្ទនាប្រចាំឆ្នាំមួយ ស្ដីពី កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច និង សិទ្ធិឌីជីថលនៅកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បី អនាគតកាន់តែប្រសើរ» ដោយមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានមានប្រសាសន៍ថា នេះជាកិច្ចសន្ទនាប្រចាំឆ្នាំលើកដំបូង ដើម្បីពិនិត្យឡើងវិញ ក៏ដូចជាចែករំលែក កិច្ចពិភាក្សាអំពីផែនការ នៃការអនុវត្តល្អសម្រាប់គោលនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគត និងបង្កើនទំនាក់ទំនងទៅវិញទៅមក រវាងអង្គការសង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការនាំមកនូវសំឡេងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍ រួមចំណែកដល់ការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។
ឯកឧត្តម សំហេង បុរស បន្តថា ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សាសម្រាប់កិច្ចសន្ទនានាពេលនេះមាន៖ លំហពលរដ្ឋនៅលើវេទិកាឌីជីថល , ការស្តារសេដ្ឋកិច្ចឡើងវិញ និង ការគាំពារសង្គម , សន្តិសុខស្បៀង និងសន្តិភាព ដែលរាជរដ្ឋភិបាល សង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ដោះស្រាយដល់ជនងាយប្រឈមរួមមាន៖ កុមារ ជនចាស់ជរា និងពលរដ្ឋក្រីក្រ ជាង៣លាននាក់ ក្នុងចំណោមពលរដ្ឋកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន បានដើរតួជាទីយ៉ាងសំខាន់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និង ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច និង សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធ្វើអោយសម្រេចបាននូវរបៀបវារៈការអភិវឌ្ឍប្រកបដោយចិរភាពឆ្នាំ២០៣០។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវនយោបាយ ក្នុងភាពជាអ្នកដឹកនាំ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំប្រព័ន្ធគាំពារសង្គម ក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ។ យុទ្ធសាស្ត្រជាតិគាំពារ សង្គមមានសសរស្ដម្ភសំខាន់ចំនួន២គឺ៖ ប្រព័ន្ធសន្តិសុខសង្គម ផ្តោតលើការធានាបាននូវសន្តិសុខប្រាក់ចំណូល តាមរយៈការការពារប្រជាពលរដ្ឋពីការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗ ដោយសារបញ្ហាសុខភាព ឬ វិបត្តិហិរញវត្ថុ និង “ប្រព័ន្ធជំនួយសង្គម” ផ្ដោតលើការជួយដល់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះបំផុត ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីអន្តរគមន៍ផ្ទេរសាច់ប្រាក់។ សម្រាប់ពេលអនាគត រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពី កញ្ចប់គ្រួសារ និង កំពុងសិក្សារៀបចំគម្រោង បញ្ចប់ភាពក្រីក្រ សំដៅដល់កម្មវិធីផ្ទេរសាច់ប្រាក់ពីជំនួយសង្គ្រោះ ទៅជាកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ជួយអភិវឌ្ឍគ្រួសារ តាមរយៈការអភិវឌ្ឍមុខរបរបង្កើនប្រាក់ចំណូល ដើម្បីឱ្យគ្រួសារក្រីក្រ អាចមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ដោយមិនពឹងផ្អែកទាំងស្រុងលើរបបថវិកា ដែលផ្ដល់ជូន តាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់ជំនួយសង្គម។
នៅក្នុងកិច្ចសន្ទនា ប្រចាំឆ្នាំនេះ អង្គការដៃគូរ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បានបង្ហាញពីការមើលឃើញ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្តលើបញ្ហាកិច្ចគាំពាសង្គមសម្រាប់ជនងាយរងគ្រោះ និងការរៀបចំគម្រោងផែនការ ស្តារសេដ្ឋកិច្ចប្រទេសនៅក្រោយវិបត្តិកូវីដ-១៩៕

Leave a Reply

Your email address will not be published. Required fields are marked *