(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវ «សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារ សម្រាប់ពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។
នេះក៏ជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀត ក្រោមគម្រោងរបស់អង្គការ GIZ ក្នុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែសម្រួលយន្តការអធិការកិច្ចការងារ តាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារ ច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយនិងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ ដោយ បន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយ សំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ច ដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។
គិតត្រឹម៩ខែឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះ អធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើក ចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន ១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន១១០លើក។
តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។ ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារ ដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា តាមរយៈវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៨ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់បរិយាយកាសវិនិយោគនៅកម្ពុជា ក្នុងនោះ បានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើក ចំពោះគោលដៅតែមួយ ដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយ និងចុះតែមួយលើកក្នុង១ឆ្នាំ៕