ផ្ទុះរឿងមន្ត្រីថ្នាក់ក្រោមផ្តិតមេដៃ ប្តឹងបញ្ចប់តំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំរឿងពុករលួយទឹកប្រាក់រាប់រយលានរៀល!

ត្បូងឃ្មុំ : ផ្ទុះករណីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារកិបកេងថវិកាជាតិ ហើយជាមួយគ្នានេះមន្ត្រីថ្នាក់ក្រោមប្តិតមេដៃប្តឹងទៅរដ្ឋមន្ត្រីក្រសួងអប់រំ បញ្ចប់តំណែងលោកប្រធានមន្ទីរអប់រំខេត្តនេះផងដែរ។

បើតាមមន្ត្រីនៃមន្ទីរអប់រំខេត្ត បានប្រាប់ថាលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា រឿងនេះខាងក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់។

បើយោងតាមសំណុំឯកសារជាច្រើន ដែលបណ្តាញព័ត៌មានយើងទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺមន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ក្រៅតែពីការរៀបរាប់ពីការដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាព ក្នុងអង្គភាពរបស់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំហើយនោះ, មន្ត្រីទាំងនោះ បានលើកឡើងនូវភាពមិនប្រក្រតី លើការកិបកេងថវិកាជាតិ ពីសំណាក់លោក អ៉ិន ពៅសម្បត្តិ ផងដែរ ដោយអះអាងថា ប្រធានមន្ទីររូបនេះដោយបានកាត់យកប្រាក់គ្រូកិច្ចសន្យាខែមករា ឆ្នាំ២០២១ ចំនួន៩៥ នាក់ ក្នុងស្រុកមេមត់ ដែលមានចំនួនថវិកាជិត ៩៧លានរៀល ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។ ក្រោយមកបែកធ្លាយរឿងនេះ ក៏ប្រមូលលុយយកមកវិញ ឱ្យការិយាល័យគណនេយ្យ ធ្វើនីតិវិធីបង្វិលចូលរដ្ឋ តែមកទល់ពេលនេះ ថវិកាមិនទាន់បានបង្វិលនៅឡើយទេ។

មន្ត្រីអប់រំទាំងនោះបន្ថែមថា លោកប្រធានមន្ទីរបានក្លែងបន្លំឯកសារគ្រូបង្រៀនពីរពេលចំនួន១៨នាក់ ដោយសាម៉ីខ្លួនពុំបានដឹងទាល់តែសោះ នូវទឹកប្រាក់ចំនួន ២០១ លានរៀល ក្រោយបែកការថាថវិកានេះ ក៏បង្កើតពាក្យដោះសារថា បង្កើនកូតាដើម្បីកុំឲ្យក្រសួងកាត់ឆ្នាំក្រោយ ប៉ុន្តែជាតាមធម្មតាចំនួនកូតាប្រើប្រាស់ក្របខណ្ឌ គួរតែរក្សាចំនួនឆ្នាំចាស់ ឬថយជាមុន ព្រោះមានគ្រូក្របខណ្ឌចេញថ្មី មកបំពេញចន្លោះខ្វះខាត និងដើម្បីសន្សំសំចៃថវិការដ្ឋ។ បន្ថែមលើសពីនេះ បានក្លែងបន្លំឯកសារប្រាក់តំបន់ និងគ្រូជាប់ការងារបោះឆ្នោតជាច្រើនថែមទៀត ដើម្បីបង្វែរថវិកាដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។

ក្រុមមន្ត្រីបានសង្កត់ធ្ងន់ថា «លោក អ៉ិន ពៅសម្បត្តិ មិនមែនជាអ្នកពាក់ព័ន្ធទេ តែជាមេក្លោងនៃរឿងនេះតែម្ដង ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា អស់ទំនុកចិត្ត និងទទួលរងនូវភាពអាម៉ាស់ លើការដឹកនាំរបស់លោកប្រធានមន្ទីរ ជាមួយកិត្តិយសវិស័យអប់រំខេត្ត អាប់ឱន ដែលមិនអាចទៅអប់រំ ដឹកនាំការងារអប់រំ យុវជន និងកីឡាក្នុងមន្ទីរ ក៏ដូចគ្នានឹងគ្រឹះស្ថានសិក្សាបានទៀតនោះទេ»។

ពាក់ព័ន្ឋករណីនេះអង្គភាពព័ត៌មានយើង បានទំនាក់ទំនងលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ តាមរយៈទូរស័ព្ទដែរ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ប៉ុន្តែមិនអាចទាក់ទងបាន៕

Leave a Reply

Your email address will not be published. Required fields are marked *