កំពង់ស្ពឺ ÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីវេទិកាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៃអគារដ្ឋបាលខេត្តកំពង់ស្ពឺថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថា “ការលះ បង់របស់បងប្អូនប្រតិបត្តិករដោះមីន គឺធំធេងណាស់ ហើយបានផ្តល់មកវិញនូវសុភមង្គលដល់ប្រជាពលរដ្ឋនឹងប្រទេសជាតិរបស់យើង! ” ។
សម្ដេចនាយករដ្ឋមន្ត្រីធិបតី ហ៊ុន ម៉ាណែត បានថ្លៃបញ្ជាក់ថា បងប្អូនប្រតិបត្តិករដោះមីនមិនត្រឹមតែជួយអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនយើងមានដីសម្រាប់ប្រើប្រាស់ បង្កបង្កើនផល និងបង្កើនជីវភាពរស់នៅ លែងភ័យខ្លាចបញ្ហាគ្រាប់មីនដូចមុនទៀតទេ ។
សម្តេចធិបតី ហ៊យន ម៉ាណែត ថ្លែងថា ៖ “រាជរដ្ឋាភិបាលនឹងបន្តខិតខំសម្រេចឱ្យបាននូវទិសដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥! ដែលជាការផ្តួចផ្តើមរបស់ សម្តេចតេជោ ហើយយើងនៅសល់តែ១២ខេត្តទៀតប៉ុណ្ណោះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើង ដីរបស់យើង ក្លាយជាទីកន្លែងដែលមិនមានរងហានិភ័យដោយសារគ្រាប់មីន ដែលជាឃាតករលាក់មុខបន្តទៅទៀត”។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ៖ “សមិទ្ធផលទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ និងការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីននៅថ្ងៃនេះ ជាភ័ស្តុតាងដែលមិនអាចប្រកែកបាន ពីជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការបិទបញ្ចប់ស្លាកស្នាមនៃសោកនាដកម្មស៊ីវិលនៅកម្ពុជា” ៕