សម្តេចធិបតីហ៊ុន ម៉ាណែត ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹ ក្សាសហប្រតិបត្តិការឈូងសមុទ្រ

ទីក្រុងរីយ៉ាដ ÷ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹ ក្សាសហប្រតិបត្តិការឈូងសមុទ្រ នាទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រឹកថ្ងៃសុក្រ ទី២០ តុលា ២០២៣ ដឹកនាំដោយស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំនៅបណ្តាប្រទេសតំបន់អារ៉ាប់មួយចំនួនទៀត។

សូមបញ្ជាក់ថា សម្តេចធិបតី អញ្ជើញទៅកាន់ក្រុងរីយ៉ាដ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។ ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ 

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជន បរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕

Leave a Reply

Your email address will not be published. Required fields are marked *