ភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិ បាលកម្ពុជាបាន ចេញអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។ ដែលអនុក្រិត្យនេះចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
សម្តេចធិបតី បានលើកឡើងថា : ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។
ក្នុងពេលដែលរូបខ្ញុំនិងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលខ្ញុំបានទទួល ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។
ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៏សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ។