សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨

(ញូវយ៉ក, អាមេរិក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រ ជាជាតិ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ។

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ធ្វើឡើងក្រោមមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា»។

ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជាជាតិ៖

ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុងឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ខ្ញុំប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។

ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ។ ការវិត្តន៍កាន់តែដុនដាមនៃសង្គ្រាម នៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពី រដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឲ្យមាន ការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឲ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។

ការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះការកើនឡើង នៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។ ឥលូវនេះជាវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តផ្នែកសន្ដិសុខជាយុទ្ធសាស្ដ្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ វិធានការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្ដរជាតិ រួមទាំងគោលដៅដែលមានចែងក្នុងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។

យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។

ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះរបស់ «របៀបវារៈថ្មីសម្រាប់សន្ដិភាព» ឯកឧត្តមអគ្គលេខាធិការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតា សម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យ សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកលដូចដែលបានរៀបរាប់ក្នុងរបាយការណ៍ពី «របៀបវារៈរួមរបស់យើង»។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។

ខ្ញុំជឿជាក់ថា ការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើម នៃវឌ្ឍនភាពឡើងវិញ, កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍, ការទទួលខុសត្រូវរួម ប៉ុន្ដែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។

ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្ដរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១.៦ភាគរយ ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុតនៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអត្រា ៥.២ភាគរយ និងត្រូវព្យាករថា បន្ដកើនឡើងក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។

ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ, ៧២.៥ភាគរយ នៃសូចនាករ និងសូចនាកររង នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៧ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *