ភ្នំពេញ ÷ កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រីមានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន ២លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។
ម្ដាយនិងកុមារីអាយុ៣ ឆ្នាំ ដោយអស់លទ្ធភាពនិងការព្យាបាលកូនដោយសារ តែជីវភាពខ្វះខាត ម្តាយដែលជាកម្មការិនីរោងចក្រផងដែរនោះ គាត់បានបីត្រកងកូនស្រី ព្យាយាមជួបសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគ្រាដែលសម្ដេចបានអញ្ជើញជួបសម្ដេចជាមួយបងប្អូនកម្មករកម្មការិនីនិយោជក់ជិត ២ ម៉ឺននាក់នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចាត់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលបញ្ជូនក្មួយស្រីមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៩ កញ្ញា ២០២៣។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។
ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូលនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយលើការស្នាក់នៅ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ឥឡូវនេះកុមារី អាត ស្រីនុ អាយុ ៣ឆ្នាំបានធូរស្បើយខ្លះហើយនិងកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ៕