មន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់នៅជិតវត្តទួលសុរភី ដោយសារមិនគោរពតាមកិច្ចសន្យា ដែលថាឈប់ឱ្យបង្កក្លិនស្អុយលើសហគមន៍ !

កំពង់ស្ពឺ៖ អាជ្ញាធរជំនាញកសិកម្មខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ បានដឹកនាំមន្ត្រីមូលដ្ឋាន ចុះទៅពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋាន។

ប្រភពពីមន្ត្រីមូលដ្ឋាន បញ្ជាក់ថា ការចុះទៅពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីកសិដ្ឋានខាងមិនបានគោរព និងអនុវត្តតាមកិច្ចសន្យាដែលម្ចាស់ទីតាំងបានធ្វើជាមួយអាជ្ញាធរក្រុងឧដុង្គម៉ែជ័យ និងសង្កាត់ព្រះស្រែ កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២៣ ដោយម្ចាស់កសិដ្ឋានសន្យាថា នឹងមិនបង្កឱ្យមានក្លិនស្អុយទៅលើសហគមន៍ វត្តអារាម និងសាលារៀនដែលនៅក្បែរ និងមិនដឹកជញ្ជូនអាចម៍មាន់កាត់ភូមិ។

ប្រភពបន្តថា ក្រោយចុះពិនិត្យរួច ម្ចាស់កសិដ្ឋាន បានសន្យាដូចតែពីមុនដដែលដោយ អះអាងថា នឹងធ្វើការកែលំអកន្លែងស្តុកអាចម៍មាន់ និងបញ្ឈប់ការដឹកជញ្ជូនកាត់ភូមិ បង្កក្លិនស្អុយលើសហគមន៍បន្តទៀតនោះទេ។

ទោះជាយ៉ាងណា មន្ត្រីមូលដ្ឋាន និងសហគមន៍ ពុំមានជំនឿថា កសិដ្ឋានមួយកន្លែងនេះ អាចអនុវត្តតាមកិច្ចសន្យារបស់ខ្លួនបានឡើយ ដោយហេតុថា បញ្ហាបង្កក្លិនស្អុយពីទីតាំងខាងលើនេះ បានកើតមានរាប់សិបឆ្នាំមកហើយ ពោលគឺវាជារឿងដដែលៗ និងធ្វើកិច្ចសន្យាដដែលៗ គ្មានប្រសិទ្ធិភាពអ្វីទាំងអស់។

គួររម្លឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរក្រុងឧដុង្គម៉ែជ័យ ធ្លាប់បានចុះទៅពិនិត្យទាំងតាំងខាងលើ និងធ្វើកិច្ចសន្យាជាមួយម្ចាស់កសិដ្ឋាននោះរួចទៅហើយ ប៉ុន្តែមិនបានប៉ុន្មានខែផង បញ្ហាដដែលក៏កើតមានដដែល និងរឹតតែខ្លាំងខ្លាជាងមុនថែមទៀតផង រហូតមានការខឹងសម្បារពីប្រជាពលរដ្ឋក្នុងសហគមន៍ អាណាព្យាបាលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ដោយសារតែអត់ទ្រាំនឹងការជះក្លិនស្អុយពីកសិដ្ឋានខាងលើ។

យោងតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ចំណុចទី៦ បានកំណត់ឱ្យមាន៖ អនាម័យល្អ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។

ចុះបើភូមិ សាលារៀន និងវត្តអារាម ត្រូវបានរំខានដោយក្លិនស្អុយបរិស្ថានអាក្រក់រាប់សិបឆ្នាំបែបនេះ តើអាជ្ញាធរគួរតែបណ្ដោយឱ្យទីតាំងខាងលើ បង្កផលលំបាកដល់សហគមន៍បន្តទៅទៀតឬយ៉ាងណា?

Leave a Reply

Your email address will not be published. Required fields are marked *