អាជីវករម្នាក់ប្ដឹងលោកប៊ុនចំរើនអគ្គនាយករងក.ប.បនិងបក្ខពួកទៅតុលាការករណីប៉ះពាល់សេរីភាពបុគ្គល, លោកប៊ុនចំរើនអះអាងថាលោកនឹងប្ដឹងបកវិញ !

ភ្នំពេញ៖ លោកស្រី អ៊ាម ស៊ីណែត ដែលជាអាជីវករម្នាក់ បានសម្រេចចិត្តដាក់ពាក្យប្ដឹង លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងបក្ខពួក ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ប៉ះពាល់សេរីភាពបុគ្គល។

យោងតាមពាក្យបណ្ដឹងដែល អ្នកសារព័ត៌មាន ទទួលបាន បញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុម អះអាងថា ជាមន្ត្រីរបស់ ក.ប.ប បានចុះត្រួតពិនិត្យ និងឆែកឆេរផ្ទះរបស់ដើមបណ្ដឹង ស្ថិតនៅផ្ទះលេខ១២ ផ្លូវ៣២ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកស្រី អ៊ាម ស៊ីណែង ថ្លែងថា លោក ប៊ុន ចំរើន បានបង្ខំលោកស្រី ឱ្យផ្តិតមេដៃលើពាក្យស្នើសុំ ១ច្បាប់
ហើយការចុះត្រួតពិនិត្យ និងឆែកឆេរ នោះគឺពុំមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ពុំមានដីកា ឬឯកសារពីតុលាការឡើយ ដោយមានតែការដឹកនាំរបស់លោក ប៊ុន ចំរើន ដែលជាអគ្គនាយករង ក.ប.ប និងលោក ហេង ម៉ាលី ប្រធាន ក.ប.ប រាជធានីភ្នំពេញ ប៉ុណ្ណោះ។

លោកស្រី អ៊ាម ស៊ីណែង ចាត់ទុកថា ទង្វើរបស់លោក ប៊ុន ចំរើន និងបក្ខពួក ជាការធ្វើទុក្ខបុកម្នេញចំពោះអាជីវករតូចតាច ធ្វើឱ្យប៉ះពាល់ ដល់ដំណើរការអាជីវកម្មរបស់លោកស្រី និងសិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរបស់លោកស្រីយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីក្រុមមន្ត្រី ក.ប.ប ចុះទៅឆែកឆេរ និងបិទអាជីវកម្មរបស់លោកស្រី ស្រាប់តែមានលោក ហេង ម៉ាលី ប្រធាន ក.ប.ប រាជធានីភ្នំពេញ បានទារប្រាក់ពិន័យពីលោកស្រីចំនួន ២០លានរៀល ប៉ុន្តែលោកស្រី សុំត្រឹម ១៣លានរៀន ហើយមន្ត្រី ក.ប.ប បានធ្វើលិខិតទទួលប្រាក់ត្រឹមតែ ៥លានរៀលប៉ុណ្ណោះ ចំណែកទឹកប្រាក់ ៨លានទៀតគឺលោក ហេង ម៉ាលី អះអាងថា ទុកចែកប៉ូលីសសេដ្ឋកិច្ច និងទុកចំណាយលើការដឹកជញ្ជូនអីវ៉ាន់ដែលចាប់យក យកទៅដុតកម្ទេចចោល។

ជុំវិញករណីនេះ លោក ប៊ុន ចំរើន អគ្គនាយករង ក.ប.ប បានប្រាប់ សារព័ត៌មានក្នុងស្រុកថា៖ លោកធ្លាប់ប្រាប់សារព័ត៌មានរួចហើយថា បើចង់ដឹងច្បាស់សូមមកការិយាល័យរបស់លោក លោកនឹងបង្ហាញឱ្យច្បាស់។

លោក ប៊ុន ចំរើន បន្តថា លោកបានផ្ដល់ឱកាសឱ្យលោកស្រី អ៊ាម ស៊ីណែត ឱ្យបញ្ឈប់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិច្ចអនុវត្តច្បាប់របស់ស្ថាប័នលោក ប៉ុន្តែលោកស្រី អ៊ាម ស៊ីណែត នៅតែបន្តគឃ្លើន ហ៊ានប្ដឹងលោកទៅតុលាការបែបនេះទៀត។ លោកនឹងប្ដឹងបកវិញទៅតាមច្បាប់ ពីព្រោះលោកជាមន្ត្រីអនុវត្តច្បាប់ លោកធ្វើអ្វីអនុឡោមទៅតាមច្បាប់ជាធរមាន។

យោងតាមមាត្រា ៥៨៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឫដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខណ្ឌ នៃមុខងារ ឬនៅក្នុងឱកាស នៃការបំពេញមុខងាររបស់ខ្លួន នៅតែបំពេញដោយខុសច្បាប់នូវកិច្ចការដែលប៉ះពាល់ដល់សេរីភាពបុគ្គល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពីពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *