អភិបាលរងក្រុងបូកគោម្នាក់ត្រូវបានកោះហៅ ឲ្យចូលបំភ្លឺពាក់ព័ន្ធករណីអំពើហិង្សាលើប្រពន្ធ ក្រោយចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម 

កំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោឲ្យចូលបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។

បើតាមលោកស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចជំនាញបានកោះហៅលោក គឹម បញ្ញា ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើប្រពន្ធពិតមែន។

សូមបញ្ជាក់ផងដែរថា គណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដី ឈ្មោះគឹម បញ្ញាដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាងម្តងរួចមកហើយនៅចំពោះមុខសមត្ថកិច្ច។

ម្ចាស់គណនីឈ្មោះAh Leak ដដែល បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយ ម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ ។ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង ។ សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ)»។

ក្រោយការកោះហៅ លោក គឹម បញ្ញា បានស្ម័គ្រចិត្តចូលខ្លួនទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលក្រុងកំពត ពាក់ព័ន្ធទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមកទៅលើប្រពន្ធ។ ក្រោយការសាកសួរសមត្ថកិច្ចមិនទាន់ឃាត់ខ្លួននៅឡើយទេ ថោយរងចាំចំណាត់ការបន្តពីថ្នាក់លើ៕

Leave a Reply

Your email address will not be published. Required fields are marked *