ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិនៃកម្ពុជា បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ។
ពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជាផ្លូវការជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា « នាយឧត្តមសេនីយ៍ ផ្កាយមាស៤ »។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ ឯកឧត្តមក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ។
នៅក្នុងឆានែល ថេឡេក្រាម ផ្លូវការរបស់ឯកឧត្តមហ៊ុន ម៉ាណែត បានសរសេរបង្ហោះ ខ្លឹមសារដ៍មានអត្តន័យ ដោយថ្លែងអំណរព្រះគុណព្រះមហាក្សត្រោងដែរ។
ខាងក្រោមខ្លឹមសារទាំងស្រុងរបស់ឯកឧត្តមហ៊ុន ម៉ាណែយ :
ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេន្តត្រូវបំពាក់ខ្លួនឯង
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ។
ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន៕