(ស្វាយរៀង) ៖ ព្រះគ្រូយសសិរីមុនីទេព គង់ សំប៊ុនឈឿន ព្រះវិន័យធរអនុគណស្រុកស្វាយជ្រំ និងជាចៅអធិការវត្តសង្ឃសាមី ហៅវត្តតាសួស បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ប្រកួតបាលទះដណ្តើមពាន់រង្វាន់មិត្តភាពវត្តតាសួសរដូវកាលទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆាំថ្មីប្រណីជាតិខ្មែររយះពេលបីថ្ងៃគឺថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៣ នៅវត្តតាសួស ស្ថិតក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ពៅ បណ្តាំ មេឃុំតាសួស លោក គង់ សំណាង មេប៉ុស្តិ៍រដ្ឋបាលតាសួស ក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍ លោកមេភូមិ គណៈកម្មការរៀបចំការប្រកួត ក្រុមកីឡាករទាំង៨ក្រុម និងបងប្អូនដែលស្រលាញ់លើវិស័យកីឡាបាលទះយ៉ាងច្រើនកុះកផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា នៅក្នុងការប្រកួតនេះមានក្រុមកីឡាករ មកដាក់ពាក្យចូលរួមប្រកួតចំនួន០៨ក្រុមក្នុងនោះរួមមាន ៖ ទី១ ក្រុមយុវជនភូមិអង្គាសដី ទី២ក្រុមវត្តតាសួស ទី៣ ក្រុមស្វាយក្អែព្រៃស្ពឺ ទី៤ក្រុមអង្គាសដីខាងលិច ទី៥ក្រុមយុវជនភូមិតាប៉ ទី៦ ក្រុម បឹងអណ្តែង ទី៧ ក្រុមយុវជនត្របែកប្រហោង នឹងទី៨ ក្រុមស្វាយជ្រំ។ ហើយក្រុមដែលទទួលបានជ័យជំនះលេខ១គឺបានទៅលើ《ក្រុមយុវជនស្វាយជ្រំ》ទទួលបានពាន់១ ទឹកប្រាក់លើកទឹកចិត្ត ១លានរៀល ; ក្រុមលេខ២គឺបានទៅលើ《ក្រុមយុវជនស្វាយក្អែព្រៃស្ពឺ》ទទួលបានទង់ជ័យលីភី១ ថវិកាលើកទឹកចិត្តចំបួន៧០មុឺនរៀល ;ក្រុមលេខ៣គឺបានទៅលើក្រុម《យុវជនភូមិត្របែកប្រហោង》ទទួលបានទង់ជ័យលីភី១នឹងថវិកាចំនួន ៥០មុឺនរៀល និងក្រុមលេខ៤គឺបានទៅលើ《ក្រុមយុវជនភូមិអង្គាសដី》ទទួលបានថវិកាលើកទឹកចិត្តចំនួន៣០មុឺនរៀល និងលោកគ្រូអាជ្ញាកណ្តាលទទួលបានថវិការចំនួន ២៥មុឺនរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ពៅ បណ្តាំ មេឃុំតាសួសបានមានមតិសំណេះសំណាលជាក្រុមកីឡាករនិងចូលរួមអបអរសាទរចំពោះក្រុមដែលទទួលបានជ័យជំនះហើយក៏ចូលរួមលើកទឹកចិត្តដល់ក្រុមដែលមិនទទួលបានជ័យជំនះផងដែរ ព្រោះថាការប្រកួតតែងតែមានក្រុមឈ្នះនឹងមានក្រុមចាញ់ជាធម្មតា។
លោកស្រីមេឃុំបានបញ្ជាក់ថា កីឡានាំមកនូវសុខភាពល្អ មិត្តភាពល្អ និងទំនាក់ទំនងល្អនៅក្នុងសង្គម ។ លោកស្រីមេឃុំបានលើកឡើងបន្ថែមទៀតថា កាលដែលយើងអាចជួបជុំគ្នាបាន និងអាចរៀបចំពិធីប្រកួតបាលទះនេះឬពិធីផ្សេងៗបានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមយុវជនទាំងអស់ការពារសន្តិភាពទាំងអស់គ្នាឲ្យវានគង់ង្វង់ជារៀងរហូត ។
ក្នុងឱកាសនោះដែរព្រះគ្រូយសសិរីមន្នីទេព គង់ សំប៊ុនឈឿន ព្រះវិន័យធរអនុគណស្រុកស្វាយជ្រំ មានសង្ឃដីការថា អរគុណដល់គណៈកម្មការរៀបចំការប្រកួតដែលបានរៀបចំបានយ៉ាងរលូននិងសុក្រិត ត្រឹមត្រូវជាពិសេសបងប្អូនដែលជាកីឡាករទាំងអស់មានទំនួលខុសត្រូវមានក្រមសីលធម៍ខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញធ្វើឲ្យអ្នកគាំទ្រជាប់ចិត្តហ៊ោកញ្ជ្រៀវយ៉ាងសប្បាយរីករាយ។
ព្រះតេជគុណបានមានសង្ឃដីការបន្ថែមទៀតថា នេះជាការប្រកួតលើកទី៣ហើយនិងមានរៀបចំជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ៕