ទីបំផុត សម្តេចតេជោ សម្រេចបញ្ចប់តំណែងអគ្គនាយករងអាកាសចរស៊ីវិល ដែលដកកាំភ្លើងភ្ជង់គេព្រោះរឿងស៊ីប្លេរថយន្ត !

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។

មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះ «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាម​អ្នកទន់ខ្សោយ»។

សម្តេចតេជោ បន្ថែមថា «នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ កុំឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត​។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩៖៤០នាទី​ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតបើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។

ពេលនោះ លោក បែល វ៉ាន់ដែត បានបើកដេញតាមពីក្រោយរថយន្តជនរងគ្រោះ​ដល់​ចំណុចកើតហេតុ រួចជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ​ពីក្នុង​រថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»។

ក្រោយកើតហេតុនោះកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ហើយបានបញ្ជូនលោក បែល វ៉ាន់ដែត ទៅកាន់តុលាការនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *