ជប៉ុនផ្តល់ថវិកាជាង២០ម៉ឺន ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់ តម្លៃមាន់ស្រែខ្មែរ !

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ២០៩,១៩៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តគម្រោងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុង គម្រោងជាង៧០៥ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ។ គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជា នៅកម្រិតមូលដ្ឋាន។
ឯកឧត្តមបន្ថែមថា គម្រោងដែលបានចុះហត្ថលេខានៅថ្ងៃនេះមាន៖ ទី១ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ១០០,៣៩៤ ដុល្លារអាមេរិក (មួយរយពាន់បីរយកៅសិបបួនដុល្លារអាមេរិក) សម្រាប់ការសាសង់ស្ពានបេតុងមួយក្នុងខេត្តកំពង់ធំ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មូលដ្ឋានជាង១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរ ប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ចំណែកគម្រោងទី២ សម្រាប់អង្គការហេហ្វឹអន្តរជាតិកម្ពុជា រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាចំនួន ១០៨,៨០៣ ដុល្លារអាមេរិក (មួយរយប្រាំបីពាន់ប្រាំបីរយបីដុល្លារអាមេរិក) ដើម្បីដំឡើង និងជួសជុលបរិក្ខារនិងសម្ភារៈ ចិញ្ចឹមមាន់ដល់កសិករចិញ្ចឹមមាន់ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។ បរិក្ខារទាំងនេះ នឹងរួមចំណែក ដល់ការកែលម្អសុវត្ថិភាព និងប្រសិទ្ធភាពនៃការចិញ្ចឹមមាន់ ការអនុវត្តអនាម័យ និងការបង្កើនប្រាក់ចំណូលរបស់កសិករ។
ឯកឧត្តម បានបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិត។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ“ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *