កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មានករណីបាក់ទំនប់អាងស្តុកទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។ ជុំវិញនឹងករណីនេះ អាជ្ញាធរស្រុកគិរីសាគរ បានអះអាងថា ពុំមានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋឡើយ ដោយអាជ្ញាធរបានផ្សព្វផ្សាយដំណឹងឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាពទាន់ពេល។
បើតាមរដ្ឋបាលស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ថា «អាជ្ញាធរស្រុកបានណែនាំ ដល់អាជ្ញាធរឱ្យផ្សព្វផ្សាយដំណឹងដល់ប្រជាពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាពទាន់ពេលមិនមានបង្ករគ្រោះថ្នាក់ដោយទឹកជំនន់ឡើយ ខណៈលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានចាត់លោក ជួន សំអាត អភិបាលស្ដីទី ដឹកនាំក្រុមការងារស្រុក ក្រុមការងារឃុំភ្ញីមាស និងកម្លាំងទាំងបីប្រភេទ ចុះពិនិត្យស្ថានភាពបាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុន អាន កូ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគិរីសាគរ ខេត្តកោះកុងផងដែរ»។
សូមជម្រាបថា បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក មានការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅចំណុច ភូមិកៀនក្រឡាញ់ ឃុំភ្ញឺមាស ស្រុកគីរីសាគរ ខេត្តកោះកុង ដែលតាមការពិនិត្យបឋម មានផលប៉ះពាល់លិចផ្ទះប្រជាពលរដ្ឋប្រមាណ០៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស ១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ក្នុងភូមិកៀនក្រឡាញ់ ភូមិភ្ញីមាស ក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ និងភូមពាមកាយក្នុងឃុំកោះស្តេច។
ទន្ទឹមគ្នានេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្ដាល ប្រទេសវៀតណាម និងភាគកណ្ដាលនៃទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជា។ កត្តានេះនាំឱ្យរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះច្រើនខ្លាំងលើសពីកម្រិតធម្មតា ព្រមទាំងមានខ្យល់បក់ក្នុងកម្រិតល្បឿនពីបង្គួរទៅខ្លាំងគួរឱ្យកត់សម្គាល់៕