ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ភ្ជាប់នូវវិធានការមួយចំនួនដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និងការការពារសុខភាពក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់។ ការអំពាវនាវដូច្នេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្តាហ៍ខាងមុខ។ នេះអាចនឹងបង្កឱ្យមាននូវទឹកជំនន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ក្រសួងសុខាភិបាល បានបញ្ជាក់ថា ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ និងត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ហើយត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យខ្ពស់ ដើម្បីការពារទឹកជំនន់។
ក្រសួងថា ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាមួល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត ត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្ររួចទុករយៈពេល ៣០នាទីមុនប្រើប្រាស់)។ ម៉្យាងវិញទៀត ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូចទឹកដុះសាប៊ូ កក់សក់ និងបង្ការនូវការកើតជំងឺសើស្បែក ពងទឹក កមរមាស់ ជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កឱ្យមានគ្រោះថ្នាក់, មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក។ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។ ចំពោះស្រី្តមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
«ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងត្រូវរៀបចំផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ និងមានអនាម័យ, ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការភាព ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ បន្ថែមពីនេះ ពេលធ្វើដំណើរតាមទូក មិនត្រូវដាក់មនុស្សហួសកម្រិត។ នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាព ដើម្បីការពារពេលមានការលិចលង់»។ នេះបើតាមការណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល។
មិនតែប៉ុណ្ណោះ ចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក និងពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក ក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ព្រមទាំងប្រើអាវពោងសុវត្ថិភាព ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរឧស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលាមស្មៅស៊ុបទ្រប់។ ក្នុងករណីមានសមាជិកគ្រួសារឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ទឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទូលការពិនិត្យ និងព្យាបាល៕